អាសូរណាស់! នាំគ្នាធ្វើខួបស្នេហាគម្រប់ ២ឆ្នាំ លុះចប់កម្មវិធីខាងប្រុសជិះម៉ូតូមកផ្ទះមុន តែអកុសលជួបគ្រោះថ្នាក់ស្លាប់ ចោលសង្សារទាំងវ័យក្មេង

0

ភ្នំពេញ៖ គូសង្សារស្រឡាញ់គ្នាស្មោះស្ម័គ បាននាំគ្នាធ្វើខួបគម្រប់ ២ឆ្នាំ ២ខៃ នៃការស្រឡាញ់គ្នា លុះចប់កម្មវិធីខាងប្រុសបានជិះម៉ូតូចេញមកផ្ទះមុន តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់តាផ្លូវ ចោលសង្សារទាំងវ័យក្មេង ។ ហេតុការណ៍បានកើតឡើង កាលពីម៉ោង ៣ទាបភ្លឺ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខក្រសួងការពារជាតិ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហង្ស មាសសុវណ្ណចេស្ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមើលការខុសត្រូវ ណេតមួយកន្លែង នៅម្ដុំផ្សារកណ្ដាល មានទីលំនៅបច្ចុប្បន្ននៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HS-6632 ជិះតែម្នាក់ឯង ។

បើតាមអ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មេឃធ្លាក់ភ្លៀងមិនដាច់គ្រាប់ឡើយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOYA PRIUS បើកបុកទ្រូងផ្លូវនៅចំណុចស្តុបក្ដាន់២ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃកើតហេតុខាងលើ ដោយមិនដឹងថាត្រូវរបួសអ្វីខ្លះនោះទេ ព្រោះភ្លាមៗនោះអ្នកបើកបរ រថយន្តបានគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅទទឹងម្ខាងផ្លូវសហព័ន្ធរុស្សី ជាហេតុធ្វើអោយ រថយន្តដែលបើកស្របទិសមក ពីកើតទៅលិច ត្រូវធ្វើដំណើរបញ្ច្រាសទិស លើគន្លងផ្លូវម្ខាងទៀត ដោយមិនឃើញមានសមត្ថកិច្ចខណ្ឌដូនពេញ ចុះមកពិនិត្យមើលឡើយ តែអរគុណប្រជាពលរដ្ឋនិងអ្នករត់កង់បី ដែលបានយកសាជី និងថង់សំរាមដាក់ជាសញ្ញាសម្គាល់ ដើម្បីកុំអោយមានយានយន្តដទៃបើកទៅបុក។

ប្រភពបន្តថា អស់រយៈពេលជិត ២ម៉ោង គេឃើញរថយន្តខាងលើនោះ នៅទទឹងផ្លូវដដែលមិនទាន់បានស្ទូចចេញនៅឡើយ តែឃើញរបាំងថ្មបែងចែកទ្រូងផ្លូវ ចំនួន៣ផ្ទាំងផ្សេងទៀត លើផ្លូវសហព័ន្ធរុស្សីដដែល តែនៅខាងលិចកន្លែងដែលរថយន្ត PRIUS បុកខាងលើចម្ងាយប្រហែល៤០ម៉ែត្រ បានខ្ទាតរាយប៉ាយពេញផ្លូវ ទំនងមានរថយន្តធន់ធំបុកហើយបើករត់បាត់ ព្រោះសភាពបុកនេះខ្លាំងរហូតប៉ើងខ្ទាត និងខ្ទេចផ្ទាំងថ្មថែមទៀត ។ ដោយសារការទុកចោលគ្មានអ្នកណាអើពើផង ទើបយុវជនដែលជាជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯងក្នុងល្បឿនលឿន ពីទិសខាងកើតមកលិច ក៏ជ្រុលមកបុករបាំងថ្មនោះ បណ្ដាលឲ្យហោះផ្លោងទាំងមនុស្សទាំងម៉ូតូ បោកនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗតែម្ដង ។

បើតាមយុវតី ជាសង្សារជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា នៅយប់ថ្ងៃកើតហេតុនេះ ជាថ្ងៃគម្រប់ខួបស្នេហារបស់ពួកគេទាំងពីរនាក់ ដែលបានស្រលាញ់គ្នា អស់រយៈពេល២ឆ្នាំ២ខែមកហើយ ដែលពួកគេរួមទាំងបងស្រីខាងប្រុស ទើបតែនាំគ្នាធ្វើ Anniversary និងហូបអាហារជាមួយគ្នានៅហាងមួយកន្លែង នៅជិតវិមានឯករាជ្យ លុះចប់កម្មវិធីបានចេញមកផ្ទះវិញ ដោយជិះម៉ូតូម្នាក់មួយគ្រឿង ដោយសង្សាររបស់នាង បានជិះម៉ូតូមកផ្ទះមុន តែបានពាក់កណ្ដាលផ្លូវ ក៏ជួបគ្រោះថ្នាក់ទៅបុករបាំងថ្មពុះចែកផ្លូវ ដែលខ្ទាតរាយប៉ាយពេញផ្លូវ ដោយសារមានរថយន្តមិនស្គាល់ម៉ាក បើកទៅបុកហើយបើករត់បាត់ បណ្ដាលឲ្យដួលអូសទាំងមនុស្ស ទាំងម៉ូតូជាង ៥០ម៉ែត្រណ្ដាលឲ្យស្លាប់ភ្លាមៗបែបនេះទៅវិញ ។ ហេតុការណ៍នេះបានធ្វើឲ្យយុវតីដែលជាសង្សាររបស់ជនរងគ្រោះក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ខំស្រែកដង្ហើយហៅឈ្មោះសង្សារ បងអើយមកវិញមក បង តែទោះជាយ៉ាងណា ជនរងគ្រោះបានលាចាកលោកយើងទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងប្រគល់សាកសពឲ្យទៅសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅវត្តតាំងកសាង ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្ដី អាឡោះអាល័យគ្រប់ៗគ្នា ៕