ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា គ្រឿងញៀនជាង ៥០០គីឡូក្រោម ដែលរឹបអូសយកមកបាន នៅខេត្តព្រះសីហនុ មិនមែនប្រើប្រាស់ នៅកម្ពុជាទាំងអស់នោះទេ គឺយកទៅបន្ដបែងចែកតាមបណ្ដាប្រទេសផ្សេងៗ ដូចជា វៀតណាម ថៃ ជាដើម ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ កុម្ភៈនេះ សម្ដេច ស ខេង សម្ដេចបានធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ទៅលើមូលហេតុគ្រឿងញៀន មានការចរាចរណ៍កាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួន អ្នកជួញដូរគ្រឿងញៀនកាន់តែច្រើនផងដែរ ។
សម្ដេចក្រឡាហោម បន្តថា ឥឡូវនេះយើងឃើញថា គ្រឿងញៀន ហាក់បីដូចជា មានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន ហើយឥឡូវនេះ យើងបន្ដសិក្សាបន្ដទៀត តើមូលហេតុអ្វីខ្លះ?។ ប៉ុន្មានថ្ងៃមុននេះចាប់បានគ្រឿងញៀនជាង ៥០០គីឡូក្រោម យកទៅលាក់ទុកនៅលើកោះ ក្នុងខេត្តព្រះសីហនុ ឥឡូវសមត្ថកិច្ច បានប្រមូលទុកអស់ហើយ ។
សម្ដេច បញ្ជាក់ថា គ្រឿងញៀនជាង ៥០០គីឡូក្រោម ដែលរឹបអូសយកមកបាន នៅខេត្តព្រះសីហនុ មិនមែនប្រើប្រាស់នៅកម្ពុជាទាំងអស់នោះទេ យកទៅបន្ដបែងចែកតាមបណ្ដាប្រទេសផ្សេងៗ ដូចជា វៀតណាម ថៃ ជាដើម ដែលធ្វើឡើងតាមផ្លូវសមុទ្រ ។
សម្ដេច ស ខេង ក៏បានប្រាប់ទៅសមត្ថកិច្ចទូទាំងប្រទេស ត្រូវបន្ដប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជាឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ប្រភពព័ត៌មានបានឲ្យដឹងថា ថ្នាំញៀន ដែលវេចខ្ចប់ជាកញ្ចប់ធំចំនួន ៤៦៥ដុំ (កញ្ចប់) ស្មើរនឹងជាង ៤០០គីឡូក្រាម ត្រូវបានកងទព័ជើងទឹកនៅការពារកោះពូលូវៃ ប្រទះឃើញ ក្បែរកោះ ពេលកំពុងល្បាតកាលពីថ្ងៃទី៦ ខែកុម្ភៈ ២០២១ ជំហានដំបូងត្រូវបានគេសន្និដ្ឋានថា ទំនងជាមានអ្នកផ្លុងចោល ក្រោយប្រទះឃើញគ្រឿងញៀន ទាំងនេះត្រូវបានប្រគល់ មកកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីចាត់ចែងបន្ត ៕