តារាកំប្លែងជើងចាស់ល្បីឈ្មោះ នាយក្រឹម ស្ម័គ្រចិត្តចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន

0

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំកម្ពុជា លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន ។

ការប្រកាសស្ម័គចិត្ត ចាក់វ៉ាក់សាំងពីសំណាក់ តារាកំប្លែងជើងចាស់រូបនេះ ធ្វើឡើងបន្ទាប់ពីពីកម្ពុជាទទួលអំណោយវ៉ាក់សាំង SARS-Cov-2 (Sinopharm) ពីមិត្តចិន កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ។

តារាកំប្លែងនាយក្រឹម បញ្ជាក់លើហ្វេសប៊ុក នៅថ្ងៃទី៩ កុម្ភៈនេះថា «ខ្ញុំ អ៊ូ ប៉ុណ្ណារ៉ាត់ (ក្រឹម) ស្ម័គ្រចិត្តចាក់វ៉ាក់សាំង Sinopharm របស់ចិន។ សូមបងប្អូនទាំងអស់គ្នាចូលរួមបង្ការ និងការពារកុំឱ្យឆ្លងមេរោគកូវីដ-១៩នេះ អរគុណសន្តិភាព!»។

សូមរំលឹកថា កាលពីថ្ងៃទី៨ កុម្ភៈ រាជរដ្ឋាភិបាល បានសម្រេចជ្រើសរើសយកមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ជាទីកន្លែងសម្រាប់រៀបចំការចាក់វ៉ាក់សាំង Sinopharm របស់ចិន បង្ការជំងឺកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ។

ការចាក់វ៉ាក់សាំងនេះ នឹងប្រពឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមទីតាំងដូចខាងក្រោម៖

១.មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ

២.មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

៤.មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន ៕