ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានប្រាប់ប្រជាពលរដ្ឋ ឲ្យឈប់បារម្ភរឿងទទួលស្គាល់ ឬមិនទទួលស្គាល់ វ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) ហើយគួរតែបារម្ភថា តើអាចដណ្ដើមទិញវ៉ាក់សាំងកូវីដ១៩ ជាមួយគេបានដែរឬទេ ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ Sinopharm នៅកម្ពុជា កាលពីរសៀល ថ្ងៃទី៨ កុម្ភៈ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងអង្គការសុខភាពពិភពលោកទទួលស្គាល់ ឬមិនទទួលស្គាល់ ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថា ទោះជាយ៉ាងណាក៏ដោយ ក៏វ៉ាក់សាំងនេះនៅតែដំណើរការទៅមុខ ។ វ៉ាក់សាំងទោះជាមានលុយហើយ ទៅសុំគេទិញក៏មិនបានដែរ ព្រោះអីដណ្តើមគ្នា ឥឡូវនេះចូលដល់រឿងដណ្តើមគ្នា អញ្ចឹងសូមបងប្អូនពិចារណា កុំឱ្យមានអារម្មណ៍ថា Who ទទួលស្គាល់ ឬមិនទទួលស្គាល់នោះឱ្យសោះ ឥឡូវអ្វីដែលយើងបារម្ភគឺទៅដណ្តើមទិញ ជាមួយគេបានដែរឬទេ?» ៕