ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានថ្លែងថា តាមនិតីវិធីបច្ចេកទេស ដែលត្រូវអនុវត្ដមុននឹងចាក់វ៉ាក់សាំង បុគ្គលនោះ ត្រូវចុះឈ្មោះជាមុន (តាមអនឡាញ ឬចុះដោយផ្ទាល់នៅមន្ទីរពេទ្យ ដែលទទួលបន្ទុកចាក់វ៉ាក់សាំង បន្ទាប់មកត្រូវមានការពិនិត្យ និងសាកសួរព័ត៌មានសុខភាព ដើម្បីគ្រូពេទ្យកក់ត្រា ហើយម្ចាស់សាម៉ីខ្លួនដែលមកចាក់វ៉ាក់សំាង ត្រូវផ្ដិតមេដៃ ឬចុះហត្ថលេខា ទៅលើទម្រង់មួយដែលឯកភាពដោយស្ម័គ្រចិត្ដ ក្នុងការទទួលយកវ៉ាក់សាំងកូវីដ១៩។
បន្ទាប់មកបុគ្គលនោះ ត្រូវចូលទៅជួបគ្រូពេទ្យមួយទៀត ដែលទទួលបន្ទុកក្នុងការចាក់វ៉ា់ក់សាំង ក្រោយចាក់រួចមិនអនុញ្ញាតឱ្យវិលត្រលប់មកផ្ទះភ្លាមៗនោះទេ ត្រូវអង្គុយរង់ចាំ ក្នុងរយៈពេល៣០នាទី ដើម្បីឱ្យគ្រូពេទ្យ តាមដានសុខភាព តើមានប្រតិកម្មជាមួយវ៉ាក់សាំងដែលឬទេ?
បើសភាពធម្មតា អាចត្រលប់មកផ្ទះបាន ដោយភ្ជាប់ជាមួយនឹងបណ្ណសម្រាប់ចាក់វ៉ាក់សំាង មានកក់ត្រាឈ្មោះវ៉ាក់សាំង និងថ្ងៃខែ ត្រូវចាក់លើកទី២ (ចន្លោះពី ១៤-២៨ថ្ងៃ បន្ទាប់ពីចាក់លើកទី១)។ ក្រោយចាក់វ៉ាក់សាំងរួចរាល់ ទើបគ្រប់ចំនួន២ដូសដោយជោគជ័យ ដែលធ្វើឱ្យសរីរាង្គយើងមានអង់ទីករ សម្រាប់ប្រឆាំងការពារ ជំងឺកូវីដ១៩។ ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសផ្ដល់កិច្ចសម្ភាសពិសេសជូនអ្នកសារព័ត៌មាន ស្ដីពីការដាក់ប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួងសុខាភិបាល។
លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ចំពោះបុគ្គលដែលមិនទាន់អាចចាក់វ៉ាក់សាំងបាន និងត្រូវមានការពិនិត្យសម្រេចដោយគ្រូពេទ្យ មានអាការៈដូចខាងក្រោម៖
១.មានអាយុក្រោម ១៨ឆ្នាំ និង៦០ឆ្នាំឡើង
២.មានអាការៈក្ដៅខ្លួន
៣.មានជំងឺផ្លូវដង្ហើម (Acute respiratory disease) និងជំងឺហឺត(Asthma)
៤.មានជំងឺរុំារ៉ៃធ្ងន់ធ្ងរ ឬមានជំងឺរុំារ៉ៃឧស្សាហ៍ធ្វើទុក
៥.មានជំងឺអាឡែកស៊ី (Allergic) ដូចជា៖ ប្រតិកម្មអាឡែកស៊ី ជំងឺប្រទាលត្រអាក (Angioedema)
៦.មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង៖ តាមការឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩នេះ មានសារធាតុផ្សំ (វីរុស កូវីដ-១៩ ដែលបានសម្លាប់រួច WIV04 និងសារធាតុផ្សំ៖ សូដូ្យមអុកស៊ីត “Sodium Oxide” ឌីសូដ្យូមហ៊ីដ្រូហ្សែនផូស្វាត “Sodium Dihydrogen phosphate” អាលុយមីញ៉ូមអីដ្រូហ្សែន “Aluminium Hydrogen”) ដូចនេះអ្នកដែល មានប្រតិកម្មជាមួយវ៉ាក់សាំង ឬបុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរ ពេលចាក់ម្ជុលលើកទីមួយ ឬបុគ្គលមានចេញអាការៈប្រតិកម្មផ្នែកប្រព័ន្ឋប្រសាទ មិនត្រូវចាក់វ៉ាក់សាំងម្ដងទៀតនោះទេ។
៧.អ្នកមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ មានជំងឺលើសឈាម ដែលប្រើថ្នាំគ្រប់គ្រងលែងបានមានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺដុះសាច់មហារីក។
៨.ស្រី្តមានផ្ទៃពោះ និងស្រ្តីក្នុងរយៈពេលបំបៅដោះ ឬស្រ្តីមានផែនការពរពោះក្នុងរយៈពេល៣ខែ។
៩.អ្នកមានជំងឺប្រកាច់ (កន្រ្តាក់) មានជំងឺឆ្កួតជ្រូក(ស្កន់) មានជំងឺសរសៃប្រសាទ ឬជំងឺរលាកស្រោមខួរ ឬមានជំងឺដំណរពូជ និងអ្នកជំងឺស្កន់ ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ឋសរសៃប្រសាទ ឬមានប្រវត្តិជំងឺសរសៃប្រសាទ “Guillain-Barre Syndrome” ជាដើម។
១០.អ្នកដែលពិនិត្យឃើញមានជំងឺកង្វះភាពផ្សាំពីកំណើត (Immune deficiency) អ្នកជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្ដុរ (Lymphoma) អ្នកមានជំងឺឈាមស ឬមានជំងឺភាពស៊ាំ (Autoimmune)។
១១.អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ (ថ្នាំគីមី បញ្ចាំងកាំរស្មី…)។
១២.អ្នកមានប្រវត្តិឆ្លងជំងឺកូវីដ-១៩។
១៣.អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកចាក់វ៉ាក់សាំងបញ្ជាក់ថាមិនគួរចាក់វ៉ាក់សាំង។
១៤.បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង។
សូមរំលឹកថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរៀបចំការចាក់វ៉ាក់សាំង Sinopharm របស់ចិន បង្ការជំងឺកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ នៅទីតាំងមន្ទីរពេទ្យចំនួន៤គឺ៖
១.មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២.មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤.មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន៕