នៅទីក្រុងហាណូយ អ្នកមិនពាក់ម៉ាស់ និងអ្នកបោះម៉ាស់ចោល ត្រូវពិន័យពី ៣-៧លានដុង

0

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានប្រកាសជូនដំណឹងដល់និស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសទីក្រុងហាណូយថា អាជ្ញាធរក្រុងហាណូយបាន ចេញវិធានការណ៍ពិន័យតឹងរឹង ហើយចំពោះអ្នកមិនពាក់ម៉ាស់នៅទីសាធារណៈ និងអ្នកបោះចោលម៉ាស់មិនត្រឹមត្រូវ នឹងទទួលពិន័យចាប់ពី ៣ទៅ៧លានដុង ។ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របសើទូតខ្មែរ នៅថ្ងៃទី៨ កុម្ភៈ បានឲ្យដឹងថា អាជ្ញាធរក្រុងហាណូយ បានចេញវិធានការណ៍ពិន័យតឹងរឹង ចំពោះអ្នករំលោភនីតិវិធី Covid-19 ដែលមានខ្លឹមសារដូចតទៅ៖

-អ្នករំលោភវិធានការពារ Covid-19 អាចប្រឈមនឹងការជាប់ទោសពន្ធធនាគារ ១២ឆ្នាំ

-អ្នកមិនធ្វើសេចក្តីប្រកាសសុខភាព ឬធ្វើប្រកាសសុខភាពក្លែងក្លាយ ឬមិនប្រកាស ពីស្ថានភាពសុខភាព របស់ខ្លួនដោយពេញលេញ នឹងត្រូវពិន័យរហូតដល់ ១០០លានដុង (៤៣៥០ ដុល្លារ )

-អ្នកមិនពាក់ម៉ាស់នៅទីសាធារណៈ, លើមធ្យោបាយដឹកជញ្ជូនសាធារណៈ ឬមិនរក្សាគម្លាតដើម្បីការពារ ការឆ្លង នឹងត្រូវពិន័យ ៣ លានដុង (១៣០$)

-អ្នកបោះចោលម៉ាស់មិនត្រឹមត្រូវនឹងពិន័យ ពី ៥ ទៅ ៧ លានដុង (២១៧$- ៣០៥$)

– អ្នកឆ្លងជំងឺCovid-19 ឬដឹងថាមានអ្នកឆ្លងតែលាក់មិនរាយការណ៍នឹងត្រូវពិន័យ ២០លានដុង – អ្នកខកខានមិនអនុវត្តបទបញ្ជាស្តីពីការស៊ើបអង្កេត, ការត្រួតពិនិត្យ និងការព្យាបាលតាមវេជ្ជសាស្ត្រ នៅមុនចូល និងចេញពីទីតាំងផ្ទះ Covid-19 នឹងត្រូវពិន័យ ៣០ លានដុង

-អ្នករត់ចេញពីកន្លែងចត្តាឡីស័ក និងខកខានមិនអនុវត្តតាម វិធានចត្តាឡីស័កនឹងត្រូវពិន័យរហូត ដល់២០ លានដុង ឬនឹងមានវិធានការណ៍តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ ប្រសិនបានចម្លង មេរោគទៅជនដទៃ។

ឆ្លៀតឱកាសនេះ ស្ថានទូតក៏បានជូនពរដល់បណ្តានិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូន ប្រជាពលរដ្ឋខ្មែរមានវត្តមានក្នុងវៀតណាម ក្នុងឱកាសគ្រឹះស្ថានសិក្សាឈប់ សម្រាកបុណ្យចូលឆ្នាំប្រពៃណី វៀតណាម សូមទទួលបានការសប្បាយរីករាយ សុខភាពល្អ រក្សាសាមគ្គីភាពជួយគ្នាទៅវិញទៅមក និងជាពិសេសមេត្តាបន្តយកចិត្តទុកដាក់ថែរក្សា និងការពារសុខភាពឲ្យបានហ្មត់ចត់ ៕