ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជា ពៅ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ .
ជនសង្ស័យទាំង ២នាក់នោះរួមមាន៖ ១-ឈ្មោះ KINGSLEY OBINNA NWEAZURA ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និង ២-ឈ្មោះ EMMA EKE ONYECHERE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅ ភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់តាម មធ្យោបាយបច្ចេកវិទ្យាព័ត៌មាន ។ សូមកុំការទទួលមិត្តភក្តិ (Accept Friend) ដែលមិនមានប្រភពច្បាស់លាស់ ឬកុំជឿតាមការលួងលោម ឬសន្យា ថានឹងអោយ ឬផ្ញើសម្ភារៈ ឬកាដូពីក្រៅប្រទេសឡើយ តែតម្រូវអោយយើងជួយបង់ថ្លៃសេវាផ្សេងៗ សម្រាប់ការដឹកជញ្ជូនមក ៕











