ភ្នំពេញ: ជនសង្ស័យដែលជំនាញគាស់ផ្ទះ របស់ប្រជាពលរដ្ឋយ៉ាងសកម្មម្នាក់ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញខណ្ឌដង្កោ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្ផោ ធ្វើការឃាត់ខ្លួន ពេលកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះ របស់ប្រជាពលរដ្ឋមួយកន្លែង នៅក្នុងបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤៖៣០នាទីទៀបភ្លឺព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស ឣាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ ភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកលោកវរសេនីយ៍ទោ ជាង ហុកសែ ឣធិការរងទទួលផ្នែកនគរបាល យុត្តិធម៌បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិនគរបាលសង្កាត់ដង្កោ បានធ្វើការល្បាតពួនស្ទាក់ការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពដើរចូលទៅក្នុងផ្ទះល្វែង រួចធ្វើសកម្មភាពគាស់ទ្វារបំរុងចូលលួចទ្រព្យសម្បត្តិ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច មានក៏សង្ស័យបានធ្វើការឆែកឆេរ រកឃើញគ្រឿងញៀន ១កញ្ចប់ និងសោរមួយឈុត រួចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកកាន់ប៉ុស្តិនគរបាលរដ្ឋបាល សង្កាត់ដង្កោដើម្បីធ្វើការសាកសួបន្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេធ្លាប់ធ្វើសកម្មភាពលួចគាស់ ទ្វារយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានសម្រេចជាច្រើនដងមកហើយ និងគ្រឿងញៀន ១កញ្ចប់នេះ គឺរូបគេទិញចំនួន ១០ដុល្លារទុកសម្រាប់ជក់កុំឲ្យងងុយ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះឣាសន្ន នៅឣធិការដ្ឋានខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធី ៕