ភ្នំពេញ៖ ស្រីស្អាតម្នាក់ចេញពីធ្វើការ ក៏បានហៅ PassApp ជិះពីច្បារអំពៅត្រឡប់ទៅផ្ទះវិញ លុះដល់កន្លែងស្ងាត់ម្ដុំក្ដាន់ពីរ បែរជាត្រូវម្ចាស់ PassApp ដកកាំបិតចុងស្រួចផ្ជុងប្លន់ យកកាបូបស្ពាយបានសម្រេច រួចបើកគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ១០៖១០នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវR6 ជិតផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមនារីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុរូបគាត់ បានចេញពីធ្វើការនៅច្បារអំពៅ ហើយបានហៅ PassApp មកជិះគោលបំណងទៅផ្ទះម្ដាយមីង នៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជាម្ចាស់ PassApp យកលេសឈប់បត់ជើងតូច រួចហើយក៏បានធ្វើសកម្មភាព ដកកាំបិតចុងស្រួចមកផ្ជុងរូបគាត់ គំរាមយកកាបូបស្ពាយ ដែលមាន សម្ភារៈមួយចំនួន និងលុយចំនួន ២១០ដុល្លារ ហើយដេញគាត់ឲ្យចុះរួចបើក PassApp គេចខ្លួនដោយសុវត្តិភាព ។
ក្រោយកើតហេតុទើបសមត្ថកិច្ចមូលដ្ឋាន បានចុះមកចំណុចកើតហេតុ ហើយបានដឹកជនរងគ្រោះទៅកាន់ ប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីឲ្យនារីរងគ្រោះដាក់ពាក្យបណ្ដឹង និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់ ៕

