ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឪពុក ជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ថាមានករណីព្រះសង្ឃដេកជាមួយក្មេងស្រី កើតឡើងនៅចំណុចក្នុងកុដិ នៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេ/ការ មូលដ្ឋាន អ.ហ ស្រុកសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តបានចុះដល់កន្លែងកើតហេតុ ហើយមន្ត្រីមន្ទីរធម្មការ បានរៀបចំពិធីផ្សឹកលោកសង្ឃឈ្មោះ ម៉ាន់ មុំ ដែលជាអ្នកប្រព្រឹត្តខុស ហើយប្រគល់ឱ្យកម្លាំងមូល អ.ហ ស្រុក ចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឱ្យដឹងថា ជនសង្ស័យជាសង្ឃឈ្មោះ ម៉ាន់ មុំ ហៅ ព្រែក ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ បានឆ្លើយសារភាពថា រូបគេនៅជាសង្ឃបានស្គាល់ ជាមួយនារីអាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នា តាមរយៈឆាតហ្វេសប៊ុក រហូតបានស្រលាញ់គ្នាតែម្តង ព្រមទាំងបានគេងជាមួយគ្នា ជាញឹកញាប់ផងដែរនៅក្នុងកុដិរបស់ខ្លួន នៅវត្តគីរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ហើយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នារីរងគ្រោះបានមកគេងជាមួយរូបគេ នៅក្នុងកុដិដដែល ហើយដេកនៅក្នុងកុដិ ជាមួយគ្នារហូតដល់ភ្លឺ ព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្រាប់តែមានសមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសសនាខេត្ត បានចុះមកដល់វត្ត ហើយធ្វើពិធីផ្សឹករូបគេ ហើយប្រគល់ឱ្យសមត្ថកិច្ចឃាត់ខ្លួន ពីបទគេងជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំតែម្ដង។
ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃអ.ហ ខេត្តចាត់ការបន្ត បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងការិយាល័យជំនាញ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី៧ កុម្ភៈ ៕