ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាន នគរបាលស្រុកស្អាងឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី នៅចំណុច ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ា ចាន់ធុល ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល. ។ ចំណែកជនសង្ស័យឈ្មោះ ម៉េត វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិថ្មី.សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ។
ប្រភពដដែលបន្តថា កន្លងមក.ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេលប្រហែលមួយឆ្នាំមកហើយ ចាប់តាំងពីចុងឆ្នាំ២០១៩មកម្ល៉េះ ។ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ដោយនិយាយថា អត់មានអីជិះ ហើយចាំយកមកឲ្យនារីរងគ្រោះវិញ ។
ប្រភពដដែលបន្តថា បន្ទាប់ពីបានម៉ូតូហើយ ជនសង្ស័យជិះទៅបាត់តែម្ដង ដោយមិនប្រគល់ម៉ូតូឲ្យនារីរងគ្រោះវិញទេ ហើយនារីរងគ្រោះបានខំព្យាយាម និងលួងលោមយ៉ាងណា ក៏ជនសង្ស័យមកព្រមប្រគល់ឲ្យដែរ ។ រហូតមកដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា១៥និង០០នាទី ជនសង្ស័យ បានមកស្រុកស្អាង ដើម្បីមកជួបជាមួយជនរងគ្រោះ ក៏ត្រូវបានជនរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា.ខ្លួន ពិតជាបានយកម៉ូតូ ភិនភាគខាងលើពិតប្រាកដមែន។
ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់៕