ភ្នំពេញ៖ បញ្ហាគ្រឿងញៀនគឺជាបញ្ហាដ៏ធំមួយ ដែលកំពុងប្រឈមយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់រួមទាំងពិភពលោក ។អ្វីដែលជាចំងល់របស់ប្រជាពលរដ្ឋ មានការងឿងឆ្ងល់នោះ គឺត្រង់ថាតើគ្រឿងញៀនទាំងនោះ បាននាំចូលតាមច្រកណា មិនថានៅលើដែនទឹកឬដែនគោក ក៏តែតែងប្រទះឃើញ ចាប់បានជាបន្តបន្ទាប់មិនចេះស្រាកស្រាន។
ជាក់ស្ដែងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រភពព័ត៌មានបឋមដែល បានអោយដឹងថា ថ្នាំញៀន ដែលវេចខ្ចប់ជាកញ្ចប់ធំចំនួន៤៦៥ដុំ (កញ្ចប់) ស្មើរនឹងជាង៤០០គីឡូក្រាម ត្រូវបានកងទព័ជើងទឹកនៅការពារកោះពូលូវៃ ប្រទះឃើញ ក្បែរកោះ ពេលកំពុងល្បាតកាលពីថ្ងៃទី៦ ខែកុម្ភៈ២០២១ ជំហានដំបូងត្រូវបានគេសន្និដ្ឋានថា ទំនងជាមានអ្នកផ្លុងចោល ក្រោយប្រទះឃើញគ្រឿងញៀន ទាំងនេះត្រូវបានប្រគល់ មកកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីចាត់ចែងបន្ត។
ប្រភពដដែលបានអោយដឹងផងដែរថា ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកថា បច្ចុប្បន្នថ្នាំញៀន ទាំងអស់នេះ មកដល់ ទីបញ្ជាការដ្ឋានជួរមុខគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ហើយនៅព្រឹកថ្ងៃ៧កុម្ភៈ២០២១ សមត្ថកិច្ចជំនាញពាក់ពន្ធ័ កំពុងសហការត្រួតពិនិត្យ តាមបច្ចេកទេស និងកំពុងបន្តរាប់ចំនួនផ្លូវការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕