ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៩ និង១០នាទី នៅភោជយនីដ្ឋានមហាលាភ៩៩៩៩ ស្ថិតនៅ ក្រុងសៀមរាប មានករណីបង្ករបួសស្នាម និងផ្ទុះអាវុធ ដែលបង្កឡើងរវាងអ្នកផឹកសុី ក្នុងនោះមានបុគ្គលិកកងរាជអាវុធហត្ថម្នាក់ ដែលជាជនរងគ្រោះរបួសក្បាល និងជាអ្នកប្រើអាវុធបង្កការភ្ញាក់ផ្អើល ប៉ុន្តែមិនបង្កអោយមានការរងរបួស ឬបះពាល់ដល់ជីវិតមនុស្ស សត្វ ខូចខាតសម្ភារៈនោះទេ ។
លោកឧត្តមសេនីយ៍ត្រី អេង ហុី បានបញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា ក្រោយកើតហេតុ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់វិធានការឃាត់ខ្លួននាយអាវុធហត្ថបង្កសម្លេងផ្ទុះ នៅក្នុងបន្ទាយ និងដកហូតអាវុធមករក្សាទុក ព្រមទាំងបើកធ្វើការស៊ើបអង្កេត ចំពោះករណីហិង្សាដោយចេតនា ក្នុងរឿងហេតុខាងលើទៅតាមនីតិវិធី និងអនុវត្តវិន័យកងទ័ពចំពោះបុគ្គលិកកងរាជអាវុធហត្ថ។ព្រមទាំងចាត់វិធានការតាមច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធនឹងអំពើហិង្សា ការបង្កការភ័យខ្លាចទាំងអស់ ៕

