Home សង្គម ស្ទាក់បង្រ្កាបរថយន្ត ដឹកបង្គាក្លាស្សេ និងចាក់ចាហ៊ួយ ជាង៦តោន នាំចូលពីវៀតណាម

ស្ទាក់បង្រ្កាបរថយន្ត ដឹកបង្គាក្លាស្សេ និងចាក់ចាហ៊ួយ ជាង៦តោន នាំចូលពីវៀតណាម

0

ភ្នំពេញ៖ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់បញ្ជូលចាហ៊ួយបន្ថែមដើម្បីបង្កើនទម្ងន់ដែលធ្វើឲ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព សរុបជាង៦តោន នៅលើរថយន្ដ២គ្រឿង។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានស្ទាក់ចាប់រថយន្តមួយគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តមួយគ្រឿងទៀតបានស្ទាក់ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក។ ភ្លាមៗមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តបឋម លើបង្គាក្លាសេ្សដែលមានផ្ទុក ក្នុងរថយន្តទាំង២គ្រឿងខាងលើ នឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយពិតប្រាកដមែន។

បន្ទាប់ពីឃាត់រថយន្តទាំង២គ្រឿងនេះ អ្នកបើកបររថយន្តដឹកទំនិញ ក៏បានអះអាងថា បង្គាក្លាសេ្ស សរុប៣០៧កេស បរិមាណប្រហែល៦តោនជាង មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។ ក្រោយសាកសួររួចដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិឲ្យពាក់ព័ន្ធ នឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ និងសូមអំពាវនាដល់ប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕

Previous articleរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី២នាក់ទៀត ជាករណីនាំចូល និងមានអ្នកជាសះស្បើយម្នាក់
Next articleផ្ទុះអាវុធក្នុងបន្ទាយពេលកំពុងផឹកស៊ី! ចាប់ខ្លួនប៉េអឹមម្នាក់ និងបើកការស៊ើបអង្កេតបន្ត