ភ្នំពេញ៖ ឆ្នាំ២០២០ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ បានឃាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% ថយចុះ ០.៩៧% ធៀបនឹងឆ្នាំ២០១៩ ។
នេះបើតាមរបាយការណ៍ ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដែលសម្រេចក្នុងឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ កាលពីថ្ងៃទី៥ កុម្ភៈ ដែលដឹកនាំលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។
បើយោងតាមរបាយការណ៍ នៃការអនុវត្តការងារក្នុងឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២ ១០៩ ៣៣០គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% ដែលក្នុងនោះ៖
– រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៥៨២ ៨១៤គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ៧៩គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ២ ១៦៦គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ១ ០៤៤គ្រឿង ។
របាយការណ៍បន្តថា ចំនួនរថយន្តដែលលើទម្ងន់កម្រិតកំណត់មានចំនួន ២៧.៧៨% នៃរថយន្តបានត្រួតពិនិត្យសរុប គឺមានការថយចុះចំនួន ០.៩៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលចំនួន ២៨.៧៦% ។
ក្នុងឆ្នាំ២០២០ លើការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដូចជា ពង្រឹងការអនុវត្តដឹកជញ្ជូនឱ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិដូចចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់ និងក្នុងករណីយានយន្តដឹក លើសកម្រិតកំណត់ចាប់ពី ២០% ឡើងទៅ ស្ថានីយជញ្ជីងបានឃាត់ទុករថយន្តរយៈពេលមួយឆ្នាំ មានចំនួន ១៧គ្រឿង។
ក្នុងទិសដៅឆ្នាំ ២០២១៖ ជ្រកក្រោមប្រធានបទ លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាពប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្រ្តីនៃគណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវខិតខំពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលការងារ ដោយប្រើប្រាស់បច្ចេកវិទ្យា និងយន្តការថ្មីៗ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព។ ជាងនេះទៅទៀតគ្រប់មន្ត្រីត្រូវបន្តសាមគ្គី និងសហការជាមួយអាជ្ញារធរដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហានេះ ៕