ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន ៤នាក់ ប្រដាប់ដោយកាំបិត និងជាមុខសញ្ញាកាប់ចាក់យ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្ក្រាបចាប់ឃាត់ខ្លួន និងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បាឲ្យដឹងថា ក្រុមក្មេងទំនើងទាំង០៤នាក់ ត្រូវបានឃាត់ខ្លួនឈ្មោះ ១/-ឈ្មោះ វង់ ភត្រា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ។ ២.ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ ។ ៣.ឈ្មោះ ឃី សំឡី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចាន់គីរី និង៤.ឈ្មោះ សេង ណាឃីម ភេទប្រុស អាយុ១៥ឆ្នាំ នៅបន្ទុប់ជួលភូមិគីឡូ៤ សង្កាត់ផ្សារកណ្តាល។ជនសង្ស័យទាំង០៤នាក់នេះ សកម្មខាងកាប់ចាក់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។
លោកអធិការក្រុងប៉ោយប៉ែតបានបញ្ជាក់ថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទី នៅចំណុចផ្សារសុខស្រេង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីហិង្សាមានស្ថានទម្ងន់ទោស ដែលបង្កដោយជនមិនស្គាល់អត្តសញ្ញាណចំនួន ៥នាក់ ជិះម៉ូតូចំនួន ២គ្រឿង ម៉ាកហុងដាMSX ពណ៌ត្រួយចេកលាយខ្មៅ ជិះគ្នា ២នាក់ មានកាំបិត ១ និង ១គ្រឿងទៀត ម៉ាកហុងដា Dream ពណ៌ខ្មៅ ជិះគ្នាចំនួន ៣នាក់ មានកាំបិត១ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា scopy ពណ៌ក្រហម ឌុបគ្នាមកពីធ្វើការ ឈ្មោះ ឈាត ប៉ាលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបកម្មករ ចប្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ ឈន ចិន្ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបកម្មករ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង៣.ឈ្មោះ សុខ តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបកម្មករ ចប្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តែពេលនោះជនរងគ្រោះ ឃើញទាន់ក៏ឈប់ម៉ូតូហើយរត់គេច រួចជនបង្កបានកាប់ម៉ូតូខាងលើ ខូចខាតផ្នែកខាងក្រោយ ។
លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងទៀតថា៖ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងមានមើលឃើញពីសកម្មភាពពួកគេតាមកាម៉ារ៉ាសុវត្ថិភាព ទើបកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនទាំង ៤នាក់មកសួនាំនៅអធិការដ្ឋាននគរបាល ព្រមទាំងដកហូតបានកាំបិតចំនួន ៤ដើម ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង ៤នាក់បានសារភាពថា ពួកគេបានធ្វើសកម្មភាពជិះម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះនោះពិតមែន ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហម្មទណ្ឌកំរិតស្រាល បានឲ្យដឹងដែរថា ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕