ចាប់ខ្លួន​ក្មេង​ទំនើង ២៨​នាក់ ដែល​ជិះ​ម៉ូតូ​កាន់ដាវសាំម៉ូរ៉ៃ បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​ ទាំងយប់

0

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ទទួល​ផ្នែក​ ការងារ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហការ​ជាមួយ​កម្លាំង​នគរបាល ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោម​ចៅ​២​ បាន​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​ ២៨​នាក់​ ជិះ​ម៉ូតូ​អូស​ដាវ​សាំ​ម៉ូ​រ៉ៃ​តាម​ដងផ្លូវ​ទាំង​យប់​អធ្រាត្រ​ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ និង​បាន​ដកហូត​គ្រឿងញៀន ៧​កញ្ចប់​ថែម​ទៀត​ ។​

​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​ ឈានចូលថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង​ ក្នុងភូមិ​ជ្រៃ​កោង​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ក្មេង​ទំនើង​ ១​ក្រុម​ជិះ​ម៉ូតូ​ចំនួន​១២​គ្រឿង​ ដេញ​ប្រណាំង​គ្នា​ប្រសាច​តាម​ផ្លូវ​ ហើយ​អូស​ដាវ​សាំ​ម៉ូ​រ៉ៃ​ពេញ​ថ្នល់​ ខណៈនោះ​ក៏​បាន​ជួប​ប្រទះ​ជាមួយ ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កំពុង​ចេញ​ល្បាត​ ដោយ​ឃើញ​សកម្មភាព​បែប​នោះ​កម្លាំង ​នគរបាល​ក៏​បាន​ចាប់​ឃាត់​ក្មេង​ទំនើង​ទាំងនោះ ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ ៧​កញ្ចប់​ រួម​នឹង​អាវុធ​ជា​ប្រភេទ​កាំ​បិទ​កែ​ច្នៃ​ ដាវ​សាំ​ម៉ូ​រ៉ៃ​ និង​ជំ​ពាម​កៅស៊ូ​ សរុប​០៦​ និង​ដុំ​ថ្ម​០៧​គ្រាប់​ ដែក​ថ្នាំង​០១​ដើម​ និង​ម៉ូតូ​១២​គ្រឿង​ ។​

​សមត្ថកិច្ច​បន្ត​ថា​ ក្នុង​ចំណោម​ក្មេង​ទំនើង​ទាំង ​២៨​នាក់​នោះ​ មានមុខ​សញ្ញា​មួយ​ចំនួន​ដែល​សង្ស័យ ​ធ្លាប់​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ប្រជាពលរដ្ឋ​ ដើម្បី​ប្លន់​យក​ម៉ូតូ​ និង​មានមុខ​សញ្ញា​ឆក់​ផង​ដែរ​ ។​ ក្មេង​ទំនើង​ទាំងនេះ​បច្ចុប្បន្ន​បាន​នឹង​ឃាត់ខ្លួន​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ចំពោះ​ក្មេង​ទំនើង​រក​ឃើញ​ថា​ ជាប់​ពាក់ព័ន្ធ​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ ត្រូវ​បញ្ជូន​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ចំណែក​មួយ​ចំនួន​ទៀត​មិន​ធ្លាប់​ជាប់​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ ត្រូវ​អប់រំ​ធ្វើ​កិច្ចសន្យា​កោះហៅ ​អាណាព្យាបាល​មក​ទទួល​ និង​អនុញ្ញាត​ត្រឡប់​ទៅ​ផ្ទះ​អប់រំ​បន្ត​ ។​

​សូម​បញ្ជាក់​ថា​ ជុំវិញ​បញ្ហា​ក្មេង​ទំនើង​នេះ​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មីៗ​នេះ​ បាន​លើក​ឡើង​ និង​ដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ​ និង​កម្លាំង​ការិយាល័យ​ជំនាញ​ ត្រូវ​តែ​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​ បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​សង្គម​ ។​ ជាង​នេះ​ថែម​ទៀត​ ការ​បង្ក្រាប​ក្មេង​ទំនើង​មិន​ត្រូវ​យោគយល់​នោះ​ឡើយ​ ទោះ​កូន​អ្ន​មាន​ ឬ​អ្នកធំ​ក៏​ដោយ​ ៕