ស្រីស្អាតជាពលករ ធ្វើការនៅកូរ៉េ មកដល់ស្រុកខ្មែរភ្លាម លង់ស្នេហ៍អ្នករត់តាក់ស៊ី រហូតមានកូន ចុងក្រោយទើបដឹងថា គេមានប្រពន្ធកូនរួចទៅហើយ (Video)

0

ភ្នំពេញ៖ ស្រីស្អាតម្នាក់ទើបត្រឡប់ ពីធ្វើការនៅប្រទេសកូរ៉េ មកដល់ស្រុកខ្មែរភ្លាម ក៏បានលង់ស្រឡាញ់អ្នករត់តាក់ស៊ី អស់រយៈពេល ២ឆ្នាំ រួមរស់នៅជាមួយគ្នារហូតដល់មានផ្ទៃពោះ ស្រាប់តែពេលថ្មីៗនេះ ទើបដឹងថា បុរសនោះមានប្រពន្ធ និងកូនរួចទៅហើយ មិនតែប៉ុណ្ណោះបាន បោកយកទាំងខ្លួន ប្រាណហើយខ្ចីលុយ មិនព្រមសងថែមទៀតផង ។

ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ៥៖៤០នាទី ព្រឹកព្រលឹម ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយផ្លូវ លេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមនារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់មានឈ្មោះ លៀង រ៉ានី អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ចំណែកភាគីខាងប្រុសឈ្មោះ វឿន វី អាយុ ៣៧ឆ្នាំ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ មុខរបរជាអ្នករត់តាក់ស៊ី ពីត្បូងឃ្មុំទៅភ្នំពេញ ពីភ្នំពេញទៅត្បូងឃ្មុំ។

នារីរងគ្រោះបន្តថា ពួកគាត់បានស្រឡាញ់គ្នា រយៈពេល ២ឆ្នាំមកហើយ ដោយស្គាល់គ្នា តាំងពីដំបូងឡើយគឺតាមរយៈការជិះតាក់ស៊ី ដែលកាលពី ២ឆ្នាំមុនគាត់ បានចប់អាណត្តិធ្វើការ នៅប្រទេសកូរ៉េ ហើយក៏បានធ្វើដំណើរ ត្រឡប់មកកម្ពុជាវិញ។ លុះមកដល់កម្ពុជាគាត់ក៏បាន ជិះរថយន្តតាក់ស៊ី របស់បុរសខាងលើ ដើម្បីទៅស្រុកកំណើត ហើយការធ្វើដំណើរតាមផ្លូវនោះ ក៏មានការនិយាយសារសងគ្នា ពីភ្នំពេញរហូត ដល់ស្រុកកំណើត ឯខេត្តត្បូងឃ្មុំ បន្ទាប់មកគាត់ក៏បាក់ចិត្តលង់ នឹងការនិយាយលួងលោម របស់បុរសជាអ្នករត់តាក់ស៊ីខាងលើ ហើយក៏មានទំនាក់ទំនងស្នេហា ជាមួយគ្នារហូតរយៈពេល ២ឆ្នាំ ដោយ មិនបានរៀបការជាមួយគ្នានោះទេ ។

នារីរងគ្រោះបន្តទៀតថា ឈ្មោះ វឿន វី បាននិយាយលួងលោម និងអូសទាញគាត់ថា «មិនបាច់ធ្វើការនៅកូរ៉េទេ ទៅធ្វើការនៅកូរ៉េនាំតែឆ្ងាយអីធ្វើការនៅស្រុកខ្មែរទៅ បងជាអ្នករត់តាក់ស៊ីប៉ុណ្ណឹងដែរ រឿងអីចិញ្ចឹមអូន អែងមិនរស់»។ ដោយសារតែការនិយាយ លួងលោមបែបនេះហើយ ទើបធ្វើឱ្យគាត់បាក់ទឹកចិត្តស្រឡាញ់ ក៏យល់ព្រមដោយមិនបាន បន្តអាណត្តិ ទៅធ្វើការនៅកូរ៉េទៀតទេ ក៏ធ្វើការនៅភ្នំពេញ នៅផ្ទះបងប្អូន ដោយជួលផ្ទះនៅម្តុំបុរីសូនី រួមរស់ជាមួយគ្នា ដូចប្តីប្រពន្ធ ។ រហូតមកដល់មួយរយៈចុងក្រោយនេះ គាត់ក៏មានផ្ទៃពោះ ជាហេតុធ្វើឱ្យឪពុកម្តាយ និងបងប្អូនរបស់គាត់ មានការងឿងឆ្ងល់ថា មិនដែលឃើញ បុរសខាងលើរត់តាក់ស៊ីពីភ្នំពេញ ទៅស្រុក ហើយបែរជាមិនដែលឃើញ ចូលស្រុកសោះ ហើយរថយន្តក៏មិនដែលចូលបេនទៀត ។ យូរៗក៏អើតមើលរូបគាត់ នៅផ្ទះជួលម្តង ហើយបុរសរូបនោះ ក៏បានខ្ចីលុយចំនួន ៥០០ដុល្លារពីគាត់ទៀត ដោយសារតែការជឿទុកចិត្ត គាត់ក៏ឲ្យលុយខ្ចីទៀត ។

បន្ទាប់ពីមានការងឿងឆ្ងល់ ឪពុកម្តាយរបស់គាត់ ក៏ចាប់ផ្តើមគិតថា មនុស្សប្រុសឯណាវ័យ ៣៧ឆ្នាំទៅហើយ នៅមិនទាន់មានប្រពន្ធនោះ បើធ្លាប់មានក៏ប្រហែលជា ពោះម៉ាយដែរ ។ ក្រោយមក ឪពុកម្តាយនិងបងប្អូន របស់គាត់ក៏នាំគ្នា ស៊ើបប្រវត្តិភ្លាមៗរហូតដឹងថា បុរសរូបនេះមាន ប្រពន្ធនិងកូនរួចទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល និងឈ្លោះទាស់ទែងគ្នា ព្រោះតែការ បោកប្រាស់ទំនុកចិត្តអស់រយៈពេល ២ឆ្នាំមកហើយដោយបុរសខាងលើ បានលាក់បាំងថាអត់មានប្រពន្ធនិងកូនទេ។ បន្ទាប់ពីស៊ើបដឹងប្រវត្តិរបស់ បុរសខាងលើរួច ហើយម្យ៉ាងទៀត អង្ករក្លាយទៅជាបាយទៅហើយនោះ រូបគាត់ក៏សម្រេចទៅជួបពេទ្យ ដើម្បីយកកូនចេញផងដែរ។ ក្រោយពីពួកគាត់បានឈ្លោះទាស់ទែងគ្នារួចមក ខាងប្រុសលែងនៅផ្ទះជួល ម្តុំបុរីសូនីទៀតហើយនៅតែ បន្តរត់តាក់ស៊ីរាល់ថ្ងៃ ប៉ុន្តែមិនដឹងគោលដៅនៅកន្លែងណា ទើបធ្វើឱ្យគាត់ខឹងសម្បារឿងបោកប្រាក់ទំនុកចិត្ត ហើយលុយក៏មិនព្រមសងទៀត គាត់ក៏ចាប់ផ្តើមតាមរកខាងប្រុស រហូតដល់វេលាព្រឹកថ្ងៃ កើតហេតុក៏ប្រទះឃើញខាងប្រុស នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ទើបយំស្រែកឆោឡោ ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍តែម្តង ។

បើតាមប្រពភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយមានករណីឈ្លោះប្រកែកគ្នា ផ្អើលប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ កន្លែងកើតហេតុ សួរនាំដឹងរឿងហេតុ រួចហើយ និងដើម្បីចៀសវាងការផ្ទុះហិង្សា ក៏ណែនាំឱ្យពួកគាត់ទាំង ២នាក់ ធ្វើការដោះស្រាយសម្របសម្រួលគ្នា ដោយគាត់ មិនចង់ប្តឹងប្តល់អ្វីវែងឆ្ងាយនោះទេ គឺគ្រាន់តែចង់ឱ្យខាងប្រុសសងលុយ ដែលបានខ្ចីចំនួន ៥០០ដុល្លារ នោះមកវិញ និងសងជំងឺចិត្តចំនួន ៥០០ដុល្លារទៀតប៉ុណ្ណោះ សរុបគឺ ១ពាន់ដុល្លារ ។ ចំណែកខាងប្រុស ក៏យល់ព្រមសងលុយសរុបចំនួន ១ពាន់ដុល្លារនោះដែរ ប៉ុន្តែបច្ចុប្បន្នគ្មានលុយ ក្នុងខ្លួននោះទេ គឺមានតែទៅខ្ចីគេសិន ។

ក្នុងហេតុការណ៍នេះដែរ ភាគីខាងប្រុស ក៏បានសម្របសម្រួលជាមួយខាងស្រី ដោយបញ្ជាក់ថា បើគាត់រកលុយមិនបានទេ គាត់នឹងយករថយន្ត របស់គាត់ទៅលក់ ឬបញ្ចាំ ដើម្បីយកលុយ ១ពាន់ដុល្លារ ទៅសងភាគីខាងស្រី ដើម្បីបញ្ចប់រឿងកុំឱ្យមានរឿងវែងឆ្ងាយ ។

ក្រោយកើតហេតុភាគីទាំង ប្រុសទាំងស្រី ត្រូវបាននគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី២ បាននាំពួកគាត់ទៅកាន់ ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីដោះស្រាយតាមនីតិវិធី៕