ភ្នំពេញ៖ ផឹកស៊ីស្រវឹងធ្នាក់ភ្នែករៀងៗខ្លួន ស្រាប់តែភ្ញៀវខាងកូនកំលោះ និងខាងកូនក្រមុំ ទាស់ពាក្យសម្ដីគ្នា រហូតបើកឆាកប្រយុទ្ធទាញកៅអីជ័រ និងកែវស្រាគប់គ្នាទៅវិញទៅមក ដូចរឿងហុងកុង បណ្ដាលឱ្យបែកក្បាល ហូរឈាមរបួសទាំងសង្ខាង ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ពិធីមង្គលការខាងលើនេះ គឺបានប្រព្រឹត្តទៅតាមគន្លង ប្រពៃណីរបស់ខ្មែរ ដោយមានមេបាចាស់ទុំទាំងសងខាង ចូលរួមដឹងឮ ។ ជាមួយនោះពិធីនេះក៏បានប្រព្រឹត្តទៅ ដោយមានភ្ញៀវកូនកំលោះ និងភ្ញៀវកូនក្រមុំ ចូលរួមពិសាអាហារពេលល្ងាច នាថ្ងៃទី១ ខែកុម្ភៈ ជាច្រើនដោយមានចាក់ភ្លេងកំដរភ្ញៀវទៀតផង ។ រហូតដល់ពេលយប់ក៏បាន នាំគ្នារាំកម្សាន្តលេងយ៉ាងសប្បាយ ក្នុងគ្រានោះភ្ញៀវទាំងសងខាង បាននាំគ្នាផឹកស៊ី រហូតដល់ស្រវឹងធ្លាក់ភ្នែកផងដែរ ហើយក៏បានពាក្យសម្ដីគ្នា ជាហេតុធ្វើឱ្យអំពើហិង្សាបានផ្ទុះឡើង ផ្អើលពេញរោងការ តែម្តង គឺបានវាយគ្នាទៅវិញទៅមក ដោយប្រើកៅអីជ័រ និងកែវស្រាធ្វើឲ្យបែកបាក់ ។
ហេតុការណ៍ខាងលើ កើតឡើង រវាងក្រុមភ្ញៀវខាងកូនកំលោះ ៤នាក់៖ ១.ឈ្មោះ យឿន ចាន់ថុល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបកសិករ ២.ឈ្មោះ ឃឿង ណាំឈៀវ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបកសិករ ៣.ឈ្មោះ រឿង វណ្ណៈ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបកសិករ និង៤. ឈ្មោះ វ័រ សុភាក់ ភេទប្រុស អាយុ ២០ឆ្នាំ ជាកូនកំលោះ មុខរបកសិករ ។ អ្នកទាំង ៤នាក់ រស់នៅភូមិអូវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានប្រដាប់ដោយកែវស្រា និងកៅអីជ័រ កាន់គប់គ្នាទៅវិញទៅមក ជាមួយក្រុមភ្ញៀវខាងកូនក្រមុំ ចំនួន ៣នាក់ គឺ ១.ឈ្មោះ គង់ ទី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបកសិករ ២.ឈ្មោះ ផល ផាន់ណាក់ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបកសិករ និង ៣.ឈ្មោះ ខន ខួច ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបកសិករ ទាំង ៣នាក់ រស់នៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ បណ្ដាលឲ្យក្រុមភ្ញៀវ ខាងកូនក្រមុំរងរបួសបែកក្បាល ទាំង៣ នាក់ និងភ្ញៀវកូនក្រមុំម្នាក់ទៀត ឈ្មោះ គង់ ទូច ភេទប្រុស អាយុ៤៥ឆ្នាំ ក៏របួសបែកក្បាលផងដែរ ។ ចំពោះមូលហេតុ គឺបណ្តាលមកផឹកស៊ី ស្រវឹងរួចរាំឌឺដង កាច់កុងដាក់គ្នា ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានធ្វើការ នាំខ្លួនភ្ញៀវខាងកូនកំលោះ ៣នាក់ រួមទាំងកូនកំលោះម្នាក់ផងដែរ សរុបទាំងអស់ ៤នាក់ យកមកសាកសួរនាំ និងបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព ប្រើអំពើហិង្សា លើភាគីភ្ញៀវនៅម្ខាងទៀតមែន ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង តាមការណែនាំរបស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។ លុះរហូតមកដល់ព្រឹកថ្ងៃទី២ ខែកុម្ភៈ ក្រុមជនបង្កដែលត្រូវឃាត់ខ្លួន បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តហើយ ៕