ជនសង្ស័យម្នាក់ ផ្លោះរបងចូលទៅវាយប្លន់ទ្រព្យសម្បត្តិ ក្នុងផ្ទះនារីជានិស្សិត នៅក្រុងសៀមរាប

0

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការក្រុងសៀមរាប ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីផ្លោះរបងចូលទៅប្លន់ ក្នុងផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ។ ហេតុការណ៍ជនសង្ស័យធ្វើសកម្មភាព នៅវេលាម៉ោង ១៥នឹង២០នាទីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងស្រាវជ្រាវឃាត់ខ្លួនបាននៅម៉ោង ២១នឹង០០នាទីថ្ងៃដដែល ស្ថិតនៅផ្ទះជនសង្ស័យក្នុងភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប។

កម្លាំងនគរបាលខេត្តសៀមរាប បានឲ្យដឹងថាដោយទទួលបាន បណ្តឹងរបស់ជនរងគ្រោះឈ្មោះ អុក ស្រីដែន ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិឃុំខាងលើ និងដោយទទួលបានការណែនាំ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបញ្ជារផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជំនួយការដឹកនាំការងារព្រហ្មទណ្ឌកំរិតធ្ងន់ ដែលដឹកនាំការបង្ក្រាប ដោយលោកវរសេនីយ៍ទោសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយអាជ្ញាធរ មូលដ្ឋាននៃក្រុងសៀមរាប តាមចាប់ជនសង្ស័យរហូត បានជាក់ស្តែងនៅក្នុងផ្ទះតែម្តង។

មន្ត្រីដដែលបន្តថា ជនសង្ស័យមានឈ្មោះនឿន សម្បត្តិ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បានផ្លោះរបងចូលក្នុងផ្ទះជនរងគ្រោះ និងវាយប្លន់យកទ្រព្យសម្បត្តិ មួយចំនួនរួចគេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងសួរនាំដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕