ភ្នំពេញ៖ កូនប្រុសនាំមិត្តភក្តិមកផឹកស៊ីនៅផ្ទះ លុះស្រវឹងស្រែកឡូឡា ឪពុកម្តាយថ្លង់ក៏ដើរចេញទៅផ្ទះកូនមួយទៀត ស្រាប់តែកូនប្រុសមហាចម្រើន ដុតផ្ទះចោល សំណាងបានអ្នកជិតខាងជួយពន្លត់ទាន់ កុំអីឆេះខ្ទេច ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៨៖២៥នាទីថ្ងៃទី០១ កុម្ភៈ ស្ថិតភូមិគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
កូនដែលជាជនបង្កមានឈ្មោះ ថាន ចន្ទី ភេទប្រុស អាយុ២៣ឆ្នាំ មានឪពុកឈ្មោះ កែវ ថាន អាយុ៥៨ឆ្នាំ (មុខរបបរត់ម៉ូតូឌុប) និងម្តាយឈ្មោះ ថាន់ សាឡន អាយុ៦៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
នៅពេលជនបង្កដុតផ្ទះ គឺបានទិញស្រាស និងសាច់ក្លែមមកផឹក ហើយមានមិត្តភក្តិម្នាក់ទៀតជិះម៉ូតូមកដល់ចូលផឹក ហើយស្រែកឡូឡាពេញផ្ទះ ។ ឪពុកម្តាយឃើញដូច្នេះ ក៏នាំគ្នាដើរចេញទៅផ្ទះកូនម្នាក់ទៀតនៅក្បែរនោះ ។ លុះមិត្តភក្តិផឹកជិះម៉ូតូចេញទៅបាត់ ស្រាប់តែជនបង្កបានស្រែកជេរគេឯង ហើយយកដែកកេះហ្គាសដុតផ្ទះ ឪពុកម្តាយបណ្តាលឱ្យឆាបឆេះ ហើយរត់គេចខ្លួនបាត់ ។
នៅពេលអគ្គិភ័យកំពុងឆាបឆេះ ត្រូវបានសាច់ញាតិជិតខាង និងកម្លាំងសមត្តកិច្ចបានជួយអន្តរាគមន៍ ពន្លតបានទាន់ពេល ។ តែឆេះសម្ភារក្នុងផ្ទៈបណ្តាលខូចខាត និងផ្ទះឆេះផ្នែកខាងក្រោមមានទំហំ ៧ម៉ែត្រនិង៩ម៉ែត្រផ្ទៈឈើលើថ្មក្រោម ហើយកម្លាំងនគរបាលកំពុងស្រាវជ្រាវ រកចាប់ខ្លួនជនបង្កដែលដុតផ្ទះឪពុក ដើម្បីចាត់ការតាមច្បាប់៕