ឃោរឃៅណាស់! បុរសម្នាក់ វាយអតីតយុទ្ធជន ទម្លាក់ទឹកស្រះ ហើយទាញចេញមកដាក់លើគំនរអុស ចាក់សាំងដុត របួសធ្ងន់រហូតដល់ស្លាប់ (Video)

0

ភ្នំពេញ៖ លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាព ប្រើអំពើហឹង្សាវាយទៅលើជនរងគ្រោះ ម្នាក់ជាអតីតយុទ្ធជនបណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចផ្លូវលេខ៥០២ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ រួចហើយយកម៉ូតូមកអូសជនរងគ្រោះទៅទម្លាក់ចូលក្នុងទឹកស្រះ។ តែក្រោយមកជនរងគ្រោះ ត្រូវជនសង្ស័យទាញចេញពីទឹកស្រះ ហើយអូសយកទៅដាក់លើគំនរអុស ដើម្បីចាក់សាំងដុត តែត្រូវបានប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញ ទាន់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ទាញចេញពីកន្លែងឆេះ ហើយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី តែជាអកុសលដោយរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យ។

លោកអធិការ បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ រុង រឿង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ អតីតជាយោធិនចូលនិវត្តន៍។ ចំណែកជនសង្ស័យឈ្មោះ វុន ឡៃហៀក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ជាជនប្រើប្រាស់គ្រឿងញៀន។ ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១ ខែកុម្ភៈ នេះផងដែរ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ វុន ឡៃហៀក ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កំពុងរៀបសំសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕