ភ្នំពេញ៖ ស្លាកមានខ្លឹមសារ “ខ្ញុំឈប់ បន្ទោបង់តាមទីសាធារណៈ ទៀតហើយ” នៅតែពេញនិយម សម្រាប់បុគ្គលណាដែលគ្មានសណ្តាប់ធ្នាប់ អនាម័យបន្ទោបង់ (នោម) នៅតាមទីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
ជាក់ស្ដែងរយៈពេល ២សប្តាហ៍មកនេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និង ឃាត់ខ្លួនជនដែល បន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានា បានចំនួន១១នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ-ល- ។
ក្រោយពិនិត្យឃើញជាក់ស្តែង កម្លាំងយើងក៏បានអញ្ជើញ ពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាត កន្លែងដែលពួកគាត់បន្ទោបង់រួច ទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។
រដ្ឋបាលខណ្ឌ បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និង សូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ សូមអរគុណ ៕



