ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហាមមិនឱ្យមានករណីមន្ត្រីអគ្គីភ័យ ទៅតថ្លៃជាមួយម្ចាស់ផ្ទះដែល ជាជនរងគ្រោះក្នុងករណីនេះទេ។ នេះបើយោងតាមក្រសួងមហាផ្ទៃ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាថ្ងៃទី២ កុម្ភៈនេះ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថា «ករណីមានអគ្គីភ័យប្រជាពលរដ្ឋរងគ្រោះ ហៅឡានទឹក ហើយនៅពេលដែលឡានទឹកទៅដល់ ពុំអាចចូលទៅពន្លត់បានដោយសារ ស្ថានភាពផ្លូវចូលមានលក្ខណៈ មិនអំណោយផលដល់ការចូលឡានទឹក និងបាញ់ទឹកពន្លត់នោះទេ ព្រោះតែទីតាំងទាំងនោះ ជាតំបន់សំណង់អនាធិបតេយ្យ ដែលមានផ្លូវតូចចង្អៀតពិបាកក្នុងការជួយសង្គ្រោះ។ ប៉ុន្តែករណីមួយទៀតនោះ គឺនៅពេលឡានទឹកទៅដល់កន្លែងកើតហេតុហើយ បែរជាមន្ត្រីមួយចំនួនមិនធ្វើការ ជួយពន្លត់ភ្លាមៗនោះទេ ប៉ុន្តែពួកគាត់ទៅតថ្លៃជាមួយម្ចាស់ផ្ទះ ដែលជាជនរងគ្រោះជាមុនសិន ដែលការប្រព្រឹត្តបែបនេះជាការខុសឆ្គង ដូច្នេះហើយ មន្ត្រីនៅគ្រប់កន្លែងជាពិសេសទីប្រជុំជន និងទីក្រុងត្រូវមើលចំណុចទាំងនេះឡើងវិញ» ។
សម្តេចក្រឡាហោម បានបន្តថា «ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ មន្ត្រីស៊ីប្រាក់ខែរដ្ឋ បើទោះបីជាប្រាក់ខែតិចតួចក្តី ក៏ប៉ុន្តែមន្ត្រីមិនត្រូវបំពេញបេសកម្ម ដោយយកកាតព្វកិច្ចនេះ ជាអាជីវកម្មរបស់ខ្លួននោះទេ»។
ក្នុងឱកាសនោះដែរ សម្តេចក្រឡហោម ស ខេង បានអំពាវនាវ និងស្នើដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ដើម្បីធ្វើការត្រួតពិនិត្យលើបញ្ហានេះ ដោះស្រាយរាល់បញ្ហាកុំឱ្យកើតមាន ការតថ្លៃជាមួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះនេះ ដោយត្រូវសិក្សាផ្តល់ប្រាក់ឧបត្ថមលើកទឹកចិត្ត ដល់មន្ត្រីដែលចុះបំពេញបេសកកម្ម ធ្វើយ៉ាងណាកុំឱ្យមន្ត្រីទៅតថ្លៃ ជាមួយប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ ព្រោះពលរដ្ឋដែលកំពុងតែរងគ្រោះ បានប្រាក់មកពីណាដើម្បីផ្តល់ សេវាបង់ថ្លៃការពន្លត់អគ្គីភ័យនោះទេ ក្នុងពេលដែលទ្រព្យសម្បត្តិ របស់ខ្លួនកំពុងតែត្រូវបានភ្លើងឆេះ ៕