ភ្នំពេញ៖ លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានស្ត្រីជាប្រពន្ធប្តឹង កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើ «ផិតក្បត់» កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ខណៈលោកកំពុងនៅក្នុងបន្ទប់ខុនដូរមួយកន្លែង ជាមួយស្រីស្នេហ៍ ក្នុងខេត្តសៀមរាប ។
ការឈានទៅដល់ការឃាត់ខ្លួននេះ ធ្វើឡើងតាមបណ្តឹងពីស្រ្តី ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់ របស់ជនសង្ស័យ) ។
ពាក់ព័ន្ធបញ្ហានេះដែរ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ តុលាការខេត្តសៀមរាប បានបើកសវនាការជំនុំជម្រះ សំណុំរឿងលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ពាក់ព័ន្ធបទល្មើសផិត តាមបណ្តឹងរបស់ប្រពន្ធដើម ត្រូវជាក្មួយស្រីថ្នាក់ដឹកនាំមួយរូប ។
សូមបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យប្រឆាំង ការជួញដូរមនុស្សចំនួន ៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់ Condo មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ខណៈនោះកំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំរស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្តី្រទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។
ក្រោយពីការស្តាប់ចម្លើយរបស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួន មកសាលាដំបូងខេត្តសៀមរាប ចំណែកឈ្មោះ បូឡែន ភេទស្រី អាយុ២៥ឆ្នាំ (ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ៕