ភ្នំពេញ៖ ចាប់រថយន្តដឹកសត្វជ្រូករស់ចំនួន ២៥ក្បាល មួយគ្រឿង គ្មានឯកសារត្រឹមត្រូវ ដែលដឹកចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកតំបន់១ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ចំណុចផ្លូវតែហាំង ភូមិគោករកា ឃុំតាប៉ែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមានការសម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្រោយទទួលបានបទបញ្ជា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋានស្រុកស្វាយចេក ចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាក Ssangyong ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ2AH-1047តែម្ដង។
តាមចម្លើយម្ចាស់រថយន្តដឹកជ្រូក និងតាមការបំភ្លឺ ពីមន្ត្រីជំនាញ នៃការិយល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យថា រថយន្តខាងលើនេះបានដឹកសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រកតំបន់១ ស្ថិតក្នុង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដឹកយកទៅចែកចាយនៅតាមបណ្តាខេត្តមួយចំនួន ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
បច្ចុប្បន្នក្រុមការងារ បាននាំយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការតាមនីតិវិធី ៕