ភ្នំពេញ៖ កំពុងហូបបាយសុខៗ ក៏រត់ទៅយកខោអាវខ្លួនឯង និងប្អូនមកដុតចោល ម្ដាយឃើញស្ដីបន្ទោសឲ្យ ស្រាប់តែកូនតិរច្ឆានផ្ទុះកំហឹង យកគម្របធុងទឹក គប់ម្ដាយចំកណ្ដាលមុខ បណ្ដាលឲ្យជាំភ្នែកខាងឆ្វេង ។ ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឲ្យដឹងថា ម្តាយដែលជាជនរងគ្រោះឈ្មោះ ដាំ ម៉ៅ អាយុ ៥៣ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័ងមិនដឹងខឹងរឿងអី ក្រោយពេលហូបបាយរួច ខ្លួនបានប្រមូលខោអាវរបស់ខ្លួន និងខោអាវរបស់ប្អូន ដុតចោលអស់ នៅពេលនោះម្ដាយបានស្ដីបន្ទោស និងជេរ ស្រាប់តែជនសង្ស័យ ផ្ទុះកំហឹងខ្លាំងបានយកគម្របធុងទឹក គប់ទៅលើម្ដាយរបស់ខ្លួន បណ្ដាលឲ្យរងរបួសលើផ្ទៃមុខ ហើយជាំភ្នែកខាងឆ្វេងទៀតផង ។
ក្រោយពីកើតហេតុ ម្តាយបានទៅដាក់ពាក្យ ប្តឹងឲ្យចាប់ខ្លួនកូនរបស់គាត់ ។ ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានដឹកនាំកំលាំង ចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យឈ្មោះ ភ័ណ និត ហៅជ្រូក យកមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសួរនាំ ។
នៅចំពោះមុខអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមួម៉ៅខ្លាំងរឿងដើរលេង ក៏ដុតខោអាវប្អូនចោល ហើយម្តាយជេរទៀត រឹតតែខឹងខ្លាំងបានស្ទុះ ទៅច្របាច់ក ម្ដាយថែមទៀត ។ ដោយផ្អែកលើចម្លើយសារភាព និងយោងតាមពាក្យបណ្ដឹង ព្រមទាំងមានស្លាកស្នាម ជាំលើមុខជនរងគ្រោះ ទើបកម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕