ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យសហគមន៍អឺរ៉ុប និងបារាំង ផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈកម្ពុជាត្រៀម បញ្ជាទិញវ៉ាក់សាំ ពីអង់គ្លេស និងចិនបន្ថែមទៀត ។
ក្នុងឱកាដអញ្ជើញបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀម បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសអង់គ្លេស និងចិនបន្ថែមទៀត ក្នុងតម្លៃសមស្របណាមួយ ខណៈអូស្រ្តាលី នឹងផ្ដល់វ៉ាក់សាំង ៣លានដូស ដល់កម្ពុជាផងដែរ។ សម្ដេចថា កម្ពុជាក៏ត្រូវការជំនួយពីបារាំង និងអឺរ៉ុបផងដែរ មិនមែនត្រូវការជំនួយតែពីចិននោះទេ ។
សម្តេចតេជោ បានទទូចឲ្យអ្នកដំណើរ ចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយមិនអាចបន្ធូរបន្ថយ និងខកខានបានឡើយ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ កម្ពុជាជាថ្មីម្ដងទៀត។ សម្តេចតេជោ ក៏បានអំពាវនាវដល់ពលករខ្មែរ មកពីប្រទេសថៃ ក៏ដូចជាអ្នកដំណើរមកពីប្រទេសផ្សេងៗ ដែលចូលមកកម្ពុជា ត្រូវតែត្រួតពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជាដាច់ខាតដោយមិនអាចកាត់បន្ថយថ្ងៃ ធ្វើចត្តាឡីស័កនោះទេ ។ បច្ចុប្បន្ននេះមានពលករ ខ្មែរមកពីប្រទេសថៃ ចំនួនជាង ៧ពាន់នាក់ នៅខេត្តចំនួន៧ បានកំពុងធ្វើចត្តាឡីស័ក ហើយត្រូវតែធ្វើចត្តាឡីស័ក ឲ្យបានរយៈពេល១៤ថ្ងៃ ដោយមិនត្រូវធ្វើការ កាត់បន្ថយ ពេលធ្វើចត្តាឡីស័កនោះទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសស្វាគមន៍ និងទទួលយកវ៉ាក់សាំងពីបណ្តាប្រទេសទាំងអស់ ប៉ុន្តែវ៉ាក់សាំងរបស់អាមេរិក ដែលមានសីតុណ្ហភាព ៧៩អង្សាក្រោមសូន្យ កម្ពុជាមិន អាចប្រើប្រាស់បានទេ។ ប៉ុន្តែបើអាមេរិកចង់ឲ្យកម្ពុជា គឺទាល់តែផ្តល់ជាថវិកាដូចអូស្ត្រាលី ។ សម្ដេចថា កម្ពុជាទទួលទាំងអស់ ហើយបើវ៉ាក់សាំងរបស់ប្រទេសណា មកដល់កម្ពុជាមុនគេ គឺនឹងចាក់វ៉ាក់សាំងនោះមុន ដែលជាគោលនយោបាយ ទទួលយកវ៉ាក់សាំងរបស់កម្ពុជា ។
ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវឱ្យប្រជាពលរដ្ឋកុំភ្លេចវិធានការ «៣កុំ» និង «៣ការពារ»។ សម្តេចតេជោ បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានលើកឡើងថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាព នៅក្នុងសង្គមកម្ពុជា ៕