ភ្នំពេញ៖ ជនជាតិចិនម្នាក់ កំពុងដេកលើគ្រែសុខៗ ស្រាប់តែជនសង្ស័យជាជនជាតិដូចគ្នា យកកាំបិតចាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។
បើតាមមន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ មានជនសង្ស័យបុរសជនជាតិចិនម្នាក់ បានមកសារភាព នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅអគារស្នាក់នៅមួយកន្លែង ជាន់ផ្ទាល់ដី បន្ទប់លេខ A108 ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ព្រះសីហនុ ខណៈមានជនរងគ្រោះជនជាតិចិនម្នាក់ ភេទប្រុស ជនជាតិចិន ជាអ្នកស្នាក់នៅអគារបុគ្គលិកជាមួយជនសង្ស័យកំពុងគេងនៅលើគ្រែ ជនសង្ស័យបានយកកាំបិតចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់ បន្ទាប់ពីទទួលពត៌មាន កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំង ជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ ចុះទៅទីតាំងកើតហេតុ នៅអគារស្នាក់នៅមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលសមត្ថកិច្ចយើងបាន ឃើញសាកសពជនរងគ្រោះ ស្ថិតនៅក្នុងរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យបុរសជនជាតិចិន មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី ។
ចំពោះទីតាំងកើតហេតុ ត្រូវបានប្រគល់ជូនការិយាល័យ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីធ្វើការត្រួតពិនិត្យនិងចាប់យកវត្ថុតាង ។ ចំពោះជនសង្ស័យ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី ៕