ប្រមុខការពារជាតិ ប្រាប់ពលរដ្ឋ ឲ្យប្រយ័ត្នចំពោះជំងឺកូវីដ១៩ ទោះកម្ពុជានឹងទទួលបានវ៉ាក់សាំង នៅខែក្រោយ

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស ទោះបីជាកម្ពុជានឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខយ៉ាងណាក្ដី។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់  បានសរសេរយ៉ាងដូច្នេះថា «ទោះបីជាយើងនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះក្តី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស ហើយត្រូវបន្តការពារខ្លួនពីការចម្លងមេរោគដ៏កាចសាហាវនេះ។ សូមបងប្អូន បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវរាល់ការណែនាំរបស់ក្រសួងសុខាភិបាល»។

សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួនអ្នកឆ្លងសរុប ៤៦៥ នាក់  ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន៤៤៣ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន ២២ នាក់ (គ្មានអ្នកស្លាប់) ៕