ភ្នំពេញ៖ ស្ត្រីម្នាក់មិនដឹងជា មានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកតែស្បែកជើង ១គូ នៅជិតបង្កាន់ដៃស្ពាន ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១០:២០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅលើស្ពាន បានរាយការណ៍ថាឃើញស្រ្ដីម្នាក់ លោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វាបាត់ហើយ ដោយគាត់មិនបានបញ្ជាក់ពីភិនភាគនោះទេ គាត់បានត្រឹមដឹងថាជាស្រ្ដី ហើយក៏មិនស្គាល់អត្តសញ្ញាណនោះដែរ បន្ទាប់ពីរាយការណ៍រួចក៏ជិះម៉ូតូទៅបាត់។ ភ្លាមនោះសមត្ថកិច្ចក៏ចុះទៅដល់ ទីតាំងកន្លែងកើតហេតុក៏ប្រទះឃើញស្បែកជើង ពណ៌ខ្មៅមួយគូ នៅជិតបង្កាន់ដៃស្ពាននិងស្នាមដៃនឹងជើង នៅជាប់លើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។
ចំពោះករណីខាងលើនេះ ក្រោយកើតហេតុក៏មិនទាន់ឃើញ សាច់ញាតិក្រុមគ្រួសារមកដល់កន្លែងកើតហេតុ នៅឡើយទេហើយក៏មិនទាន់ឃើញ អ្នកណាម្នាក់ចុះរាវរកសពនោះដែរ ៕