ភ្នំពេញ៖ ទំនងជាខឹងប្តីដែលចាកចោលផ្ទះជាង ៦ឆ្នាំ ប្រពន្ធដើមប្តឹងមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យចាប់ខ្លួនប្តីដាក់ពន្ធនាគារ ទាំងប្តីកំពុងមានជំងឺធ្ងន់ធ្ងរ ។
ករណីនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនប្តី ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានប្រកាសសាលក្រមផ្តន្ទាទោសបុរសជាប្តី នេះដាក់ពន្ធនាគារ៤ខែ គិតពីថ្ងៃឃុំខ្លួន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដោយមិនមានការព្យួរទោសឡើយ ។
ជនជាប់ចោទមានឈ្មោះ បាន សារ៉េត អាយុ៦២ឆ្នាំ មុខរបរគួកជេដី មានទីកន្លែងកំណើតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឈ្មោះ បាន សារ៉េត ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាប់ខ្លួនដល់ផ្ទះតែម្តង នាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីអ្នកជិតខាងក្នុងបុរីពិភពថ្មី ក្រុងតាខ្មៅ ។
ជនសង្ស័យ បាន សារ៉េត ជាប់ចោទពីបទ អំពើផិត តាមមាត្រា៧ និងមាត្រា១០ នៃច្បាប់ស្តីពីឯកពន្ធភាព ប្រព្រឹត្តនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ ។
យោងតាមលិខិតបញ្ជាក់សុខភាព បង្ហាញថា ឈ្មោះ បាន សារ៉េត មានអាការជំងឺ ដូចជា ទឹកនោមផ្អែម , លើសសម្ពាធឈាម , ចុកពោះ និងធ្លាប់មានប្រវត្តិវះកាត់ប្រមាត់ចេញ ។
តាមការបញ្ជាក់ពីជនជាប់ចោទ គឺគាត់នឹងប្តឹងទៅសាលាឧទ្ធរណ៍ បន្តទៀតដើម្បីរកយុត្តិធម៌ ខណៈដែលលោកបានចាកចោលផ្ទះជាង ៦ឆ្នាំមកហើយ និងមិនមែនជាបទល្មើសជាក់ស្តែងនោះទេ ស្រាប់តែមានការឃាត់ខ្លួន ទាំងលោកនៅមានជំងឺធ្ងន់ធ្ងរ ៕