ភ្នំពេញ៖ ក្រុមយុវជន ៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន តាមស្រាវជ្រាវ និងឃាត់ខ្លួន ក្រោយពួកគេនាំគ្នា ចាប់ក្មេងស្រីអាយុក្រោម ១៥ឆ្នាំម្នាក់ រំលោភរហូតបានសម្រេច ក្នុងពេលតែមួយ ។
យោងតាមរបាយការណ៍ របស់កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងថា កម្លាំងជំនាញបានទទួល នូវពាក្យបណ្តឹង ពីក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ ដែលបានចោទប្រកាន់ទៅលើ យុវជនមួយក្រុមថា បានចាប់រំលោភបូក ទៅលើកូនស្រីរបស់គាត់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្នុងបុរីងិន វិត ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង រួចក៏បាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ។
ក្រោមការបញ្ជាផ្ទាល់ ពីលោកអធិការ ពេជ្រ សារ៉ែន ដើម្បីតាមស្រាវជ្រាវរកមុខសញ្ញា រំលោភមានស្ថានទម្ងន់រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២៖១០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនយុវជន ជាជនសង្ស័យបានចំនួន ៣នាក់គឺ៖ ១. ឈ្មោះ សៅ រតនា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ២.ឈ្មោះ ហៀង ប្រុស ហៅលាង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន និង៣.ឈ្មោះ នី បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ដោយឡែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ឡា ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន បានរត់គេចខ្លួនបាត់ ដោយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕