ភ្នំពេញ៖ មានមនុស្ស ២នាក់ បានស្លាប់ក្នុងហេតុការណ៍ អគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២៖៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ថា អគ្គិភ័យដែលឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង មិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុង សហការគ្នាជួយអន្តរាគមន៍។
សូមបញ្ជាក់ថា មានអគ្គិភ័យ ឆាបឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។ តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុបនៅថង់ផ្លាស្ទិច, គ្រឿងជ័រ និងសម្ភារមួយចំនួនធំ។ ដោយឡែកចំពោះមូលហេតុ ដែលនាំអោយកើតអគ្គិភ័យ និងការខូចខាតសមត្ថកិច្ច មិនទាន់បានបញ្ជាក់នៅឡើយទេ។ បច្ចុប្បន្នទីតាំងខាងលើកំពុងត្រូវបាន កម្លាំងបង្ការនិងពន្លត់អគ្គីភ័យ កំពុងបន្តបាញ់ទឹកពន្លត់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ពួកគាត់បានលឺសំលេងផ្ទុះ ចេញចេញពីឃ្លាំងខាងលើហើយស្រាប់ តែមានផ្សែងនិងអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅឡើងផ្អើលដល់ ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងខាងរថយន្តពន្លត់ អគ្គិភ័យគ្រប់អង្គភាពចេញអន្តរាគមន៍ បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង តែភ្លើងនៅតែបន្តឆេះរាល ដាលទៅដល់ប្រជាពលរដ្ឋ ដែលនៅជាប់នោះថែមទៀតផង ៕