ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពនាំនារីក្មេងៗជាអនីតិជន ឱ្យភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារ
ប្រភពព័ត៌មានបាន អោយដឹងថានៅសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅបានចុះបង្ក្រាបជាក់ស្តែង ករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឱ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរងគ្រោះចំនួន៧នាក់ ក្នុងនោះមានអនីតិជនចំនួន៥នាក់ ត្រូវបានជួយសង្គ្រោះ។
ប្រតិបត្តិការនេះក្រោមការបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការឃាត់ស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់ និងនារីរងគ្រោះក្មេងៗចំនួន៧នាក់ នៅវេលាម៉ោង ២រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជ្ជនីយដ្ឋានតាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា មេខ្យល់ឈ្មោះ ឆយ ចន្ថា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចុះឃាត់មេខ្យល់ និងជួយសង្គ្រោះនារីរងគ្រោះចំនួន៣នាក់នេះ បានធ្វើឡើងនៅ ចំណុចភោជនីយ៍ដ្ឋាន តាឪ ខណៈនារីជនរងគ្រោះចំនួន៤នាក់បន្ថែមទៀត ត្រូវបានរកឃើញនៅចំណុចផ្ទះសំណាក់ ហេងមហាសាល ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមនារីរងគ្រោះបានឲ្យដឹងថា ភោជនីយ៍ដ្ឋាន តាឪ ចាប់ផ្ដើមបើកដំណើរការពីវេលាម៉ោង ១១ថ្ងៃត្រង់ រហូតដល់ម៉ោង ៩យប់ ដោយមាននារីៗក្មេងជាច្រើននៅបំរើភ្ញៀវនៅហាង។ ចំពោះភ្ញៀវ ដែលចូលមកហាង ពេលត្រូវការនារី ក្មេងៗមកអង្គុយកំដរ និងទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ ឆយ ចន្ថា អាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទបាននាំមកឲ្យភ្ញៀវមើល និងសម្រាប់រួមភេទ ដោយក្មេងៗនារី មានអាយុចន្លោះពី១៥ឆ្នាំ-១៦ឆ្នាំ ឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០$ ដល់ ១៥០$។
ចំពោះលុយបានមក គឺត្រូវឲ្យទៅមេខ្យល់ចំនួន ១៥$ទៅ ២០$ បន្ថែមទៀតនោះ មេខ្យល់បានសុំលុយធីបពីភ្ញៀវចំនួនពី ២០$ ទៅ ៥០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកឲ្យរួមភេទជាមួយភ្ញៀវផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ស្រ្តីសង្ស័យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកឯនារីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕