ភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានជនសង្ស័យ ២នាក់ បានបន្លំធ្វើជាចូលដេកផ្ទះសំណាក់ លុះដល់ពេលយប់គេចូលដេកអស់ ក៏ហៅបុគ្គលិកយ៉ាមម៉ូតូ ចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់ រហូតដល់ដាច់ខ្យល់ស្លាប់តែម្ដង ។ ករណីនេះបានកើតឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ យីហោ ៣៦២ ក្នុងបន្ទប់លេខ៧ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ចាន់ សុខឃាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ បុគ្គលិក ផ្ទះសំណាក់៣៦២ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ ។ មានម្តាយឈ្មោះ លន់ តាំងអេង ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ បុគ្គលិកអនាម័យផ្ទះសំណាក់៣៦២ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកជនសង្ស័យមានគ្នា ២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។ ចំពោះសម្ភារបាត់បង់រួមមាន៖ ១-ម៉ូតូ ១គ្រឿងម៉ាក Honda C125 ឆ្នាំ២០១៨ ស្លាកលេខ ភ្នំពេញ
1GP-6929 (របស់ម្ចាស់ផ្ទះសំណាក់) និងទូរស័ព្ទ ១គ្រឿងរបស់ជនរងគ្រោះ ម៉ាកVIVO ពណ៌ខៀវ ។
វត្ថុតាងចាប់យករួមមាន៖ កន្ទុយបារីដែល ជក់រួចហើយ ២ដើម ពណ៌លឿង និងពណ៌ស, ស្រាបៀវកំប៉ុងម៉ាក ANCHOR ៤កំប៉ុង ផឹកអស់ ២កំប៉ុងនិងនៅ
សល់ ២កំប៉ុង, ភេសជ្ជៈកូកាកូឡា២កំប៉ុងផឹករួច, អាវក្រណាត់ដៃវែងពណ៌ប្រផេះ១ របស់ជនសង្ស័យ។
បើតាមនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ២នាក់ បាននាំគ្នាដើរមក ផ្ទះសំណាក់៣៦២ រួចហើយជួលបន្ទប់លេខ៧ ដេកស្នាក់នៅ តែខាងអ្នកមើលការខុសត្រូវ ផ្ទះសំណាក់មិនបានកត់ឈ្មោះ ឬទាមទារ យកអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនឡើយ។ រហូតមកដល់វេលាម៉ោង ៣៖៣០នាទី ទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះ ឲ្យចូលក្នុងបន្ទប់លេខ៧ ហើយនាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់មកនាំគ្នាចេញពីបន្ទប់ រួចចាក់សោរ បន្ទប់ពីក្រៅជាប់ ហើយនាំគ្នាកាត់សោរច្រវ៉ាក់ យកម៉ូតូរបស់ម្ចាស់ផ្ទះសំណាក់ ជិះគេចខ្លួនបាត់ទៅ។
លុះព្រឹកឡើងថ្ងៃទី២៨.០១.២០២១ វេលាម៉ោង៥.៣០នាទី ឈ្មោះ អឿន សុជាតិ ភេទស្រី អាយុ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក ក៏ស្រាប់តែបាត់ម៉ូតូម៉ាកHonda C125 ឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GP-6929 ដែលបានទុកមុខបន្ទប់ដេក ហើយស្រែកហៅជនរងគ្រោះ ដែលបុគ្គលិកធ្វើការផ្ទះសំណាក់ តែមិនឃើញឃើញឆ្លើយតប ទើបឆែកកាមេរ៉ាសុវត្ថិភាព រួចឃើញមានជនសង្ស័យ ២នាក់ ដែលមកស្នាក់នៅបន្ទប់លេខ៧ បាននាំគ្នាកាត់សោរច្រវ៉ាក់ម៉ូតូ លួចយកទៅបាត់ ហើយក៏ទៅមើលបន្ទប់លេខ៧ ឃើញចាក់សោរ បានយកសោរមកចាក់ចូលឃើញ ក៏ឃើញជនរងគ្រោះដេក ស្លាប់លើគ្រែ ដោយមានកន្សែង ចងរុំមុខ យកខ្នើយដាក់ពីលើមុខ។បន្ទាប់មកម្ចាស់ផ្ទះសំណាក់ ក៏បានរាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំណែកសពជនរងគ្រោះបានប្រគល់ជូន ម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ៕