ភ្នំពេញ ៖ អ្នកលក់អីវ៉ាន់ចាប់ហួយម្នាក់ បានស្លាប់បន្ទាប់ពីបញ្ជូន ដល់មន្ទីរពេទ្យ និង២នាក់ទៀតរងរបួស ខណៈកំពុងលក់ដូរនៅផ្ទះ ត្រូវបានរថយន្តហ្វត១គ្រឿង បើកបរក្នុងល្បឿនលឿន ហើយបែកកង់រេចង្កូតបុកចូលទាំងកំរោល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នៅចំណុចភូមិ ត្រពាំងទឹម ឃុំ កណ្ដែក ស្រុកបាសាទបាគង ខេត្តសៀមរាប ។នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកតូបលក់អីវ៉ាន់ចាប់ហួយចំនួន២តូប នៅចំណុចភូមិ ត្រពាំងទឹម ឃុំកណ្ដែក ស្រុកបាសាទបាគង ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ265F។លោកបន្តថា មានរថយន្ត FORD ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AP 5631 បើកបរដោយឈ្មោះ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិអូរឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត បានបុកតូបលក់អីវ៉ាន់ចាប់ហួយចំនួន២តូប។
លោកបន្ថែមថា តូបទី១របស់ឈ្មោះ ណូ បូរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប គ្មានរបួស ។
ទី២ តូប របស់ឈ្មោះ ស៊ីន គាន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) និងរបស់ប្រពន្ធនិងកូនស្រីនៅក្នុងតូប១.ឈ្មោះ ថុល រដ្ឋា ភេទស្រី អាយុ36ឆ្នាំនៅភូមិដូចគ្នា( របួសស្រាល)២. ឈ្មោះ គាន កាក់ការ ភេទស្រី អាយុ9ឆ្នាំ( របួសស្រាល)។
លោកអធិការបញ្ជាក់ថា ក្រោយពេលកើតហេតុរួច អ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានអូសយកវត្ថុតាងបង្កទៅអធិការដ្ឋានស្រុកប្រាសាទបាគង ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕