ជនជាតិចិន ដើរទិញបន្លែ ក្នុងផ្សារច្បារអំពៅសុខៗ ស្រាប់តែដួលដាច់ខ្យល់ ស្លាប់ភ្លាមៗ (Video)

0

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ កំពុងតែដើរទិញបន្លែ ក្នុងផ្សារច្បារអំពៅសុខៗ ស្រាប់តែដួលដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦៖៣០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្សារបន្លែច្បារអំពៅ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ជាជនជាតិចិន មានអាយុ ៤១ឆ្នាំ ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ដើរទិញបន្លែក្នុងផ្សារ តែម្នាក់ឯង ដោយមានស្ពាយសាក់កាដូ នៅជាប់នឹងខ្លួនផងដែរ ។ លុះពេលកំពុងដើរសុខៗ ស្រាប់តែដួលទៅលើដី ដោយមិនដឹងមូលហេតុ ។ ក្រោយពេលឃើញ ហេតុការណ៍បែបនេះកើតឡើង ក្រុមអាជីវករ និងក្រុមសន្តិសុខផ្សារ បាននាំគ្នាជួយសង្គ្រោះបឋមដែរ ប៉ុន្តែពេលគេស្ទាបដង្ហើមទើបដឹងថា បុរសរងគ្រោះ រូបនោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងរាយការណ៍ជូននគរបាលមូលដ្ឋាន ដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយនគរបាលបច្ចេកទេស ចុះមកដល់ទីតាំងកើតហេតុខាងលើ និងដឹកសពបុរសរងគ្រោះ យកទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យ នៅទីនោះ រកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ៕