ថៅកែបូមខ្សាច់ល្បីឈ្មោះ នៅគល់ស្ពានព្រែកសំរោង ត្រូវប្អូនធម៌ប្ដឹង សមត្ថកិច្ចចាប់ខ្លួន ពីបទចេញសែកគ្មានប្រាក់ (Video)

0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួន ឈ្មោះ ឡុង ហ្វីលីប ថៅកែដេប៉ូបូមខ្សាច់ល្បីឈ្មោះ នៅគល់ស្ពានព្រែកសំរោង កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ និងបានបញ្ជូនមកអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីបទល្មើស ចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ ។

រហូតមកដល់ ព្រឹក ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២១ នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានី ភ្នំពេញ កំពុង សាកសួរ ជនសង្ស័យ តាម នីតិវិធី ។

សូមបញ្ជាក់ថា ឈ្មោះ ឡុង ហ្វីលីប ត្រូវបានចាប់ខ្លួនតាមដីការបញ្ជា អោយចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន បទរំលោភលើទំនុកចិត្ត និង បទក្លែងឯកសារសាធារណៈ ខណៈជនសង្ស័យ បាន គេចវេសមិនចូលខ្លួនតាម ការកោះហៅរបស់សមត្ថកិច្ច និងដីកាបញ្ជាអោយចូលខ្លួនរបស់តុលាការ ជាបន្តបន្ទាប់ ។

ឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់ នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្ត ដែលបញ្ជាទិញពីឌូបៃ នាំចូលមកប្រទេសកម្ពុជា ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើប ខ្លួនសុំខ្ចីបន្ថែមចំនួន ៣ម៉ឺនដុល្លារទៀត ដោយការខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដីដើម្បីធានាលើបំណុល។

ក្នុងនោះប្រាក់ដែលត្រូវបង់ពន្ធចំនួន ៤៨.០០០ដុល្លារលើរថយន្ត ១២គ្រឿងដែលនាំចូល មានរថយន្តបាឡែន រថយន្តព្រូស និងរថយន្តលុចស៊ីស ។ បន្ទាប់មក ខ្លួនបានលក់រថយន្តទាំងនោះ អោយក្រុមហ៊ុនមួយចំនួន ប៉ុន្តែក្រុមហ៊ុនទាំងនោះស្ទះលុយបង្វិលប្រាក់ សងមកខ្លួនមិនទាន់ពេលវេលាដែរ ទើបខ្លួននៅជំពាក់ប្អូនធម៌ឈ្មោះ សាយ សេងថៃ ដល់សព្វថ្ងៃនេះ ។ ក្រោយមក ប្អូនធម៌ក៏ប្តឹងសមត្ថកិច្ច ចាប់ខ្លួនតែម្តង ៕