ប្រយ័ត្ន! យុវតីម្នាក់ ត្រូវឆ្មាខាំហើយមិនបាន ចាក់វ៉ាក់សាំង ស្រាប់តែ ២ខែក្រោយមក ដេញខាំគេឯងផ្អើលភូមិ (Video)

0

ភ្នំពេញ៖ យុវតីរៀនថ្នាក់ទី១២ ម្នាក់ ត្រូវសត្វឆ្មាខាំជើង ហើយមិនបានទៅចាក់វ៉ាក់សាំងការពារ ស្រាប់តែជាង ២ខែក្រោយ នាងដេញខាំគេឯងផ្អើលពេញភូមិ ។

យុវតីរងគ្រោះមានឈ្មោះ សៅ វណ្ណារី អាយុ ២០ឆ្នាំ រៀនថ្នាក់ទី១២ មានម្តាយឈ្មោះ អូន ជ្រាប អាយុ ៤០ឆ្នាំ ជាជាងកាត់ដេរ និងឪពុកឈ្មោះ សួង សើម អាយុ ៤០ឆ្នាំ មុខរបរកម្មករសំណង់ ។ គ្រួសារមានកូនក្នុងបន្ទុកចំនួន ៤នាក់ (ស្រី ៣នាក់ ប្រុសម្នាក់) ដោយឡែកយុវតីរងគ្រោះ ខាងលើជាកូនទី៣ ហើយគ្រួសារនេះរស់នៅភូមិគាបលើ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពព័ត៌មានពីម្តាយយុវតីរងគ្រោះ បានរៀបរាប់ថា កូនស្រីរបស់គាត់ឈ្មោះ សៅ វណ្ណារី ត្រូវសត្វឆ្មាខាំជើង ប៉ុន្តែមិនបានចាក់វ៉ាក់សាំងការពារជំងឺសត្វឆ្មារ ឬសត្វឆ្កែឆ្កួតនោះទេ លុះជាង ២ខែក្រោយមក ស្រាប់តែ នាងមានអាការៈ ដូចសត្វឆ្មាដេញខាំមិត្តភក្តិ ហើយត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែគ្មានគ្រូពេទ្យណាហ៊ានទទួលនោះទេ។ បន្ទាប់មកក្រុមគ្រួសារ ក៏នាំនាងទៅឱ្យគ្រូខ្មែរ ព្យាបាល ហើយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក៏បានធូរស្បើយឡើងវិញផងដែរ ។

ប្រភពដដែលបន្តថា កូនស្រីរបស់គាត់ ត្រូវសត្វឆ្មាខាំ រយៈពេលជាង ២ខែមកហើយ ដោយសត្វឆ្មារមួយក្បាលនោះ មានពណ៌ប្រផេះក្នុងចំណោមសត្វឆ្មា ៣ទៅ៤ក្បាលដែលជា របស់ជីដូននាង លុះពេលនាង ចេញចូលផ្ទះនោះ ក៏ដើរជាន់ហើយត្រូវវាខាំចំស្មងជើងខាងឆ្វេងមុត ២ចង្កូម បណ្តាលឱ្យហូរឈាម ហើយភ្លាមៗនោះពួកគាត់ជាឪពុកម្តាយ ក៏មិនបាននាំនាងទៅចាក់វ៉ាក់សាំងការពារជំងឺឆ្មា ឬឆ្កែឆ្ងួតឡើយ ។

ប្រភពដដែលបន្តទៀតថា រហូតដល់វេលាម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពេលកូនស្រីរបស់គាត់ ទៅហូបអីជាមួយមិត្តភក្តិ ស្រាប់តែឪពុកម្តាយមិត្តភក្តិ មកប្រាប់ថា កូនស្រីរបស់គាត់មានអាការៈ ដេញខាំគេឯងដូចជាសត្វឆ្មា ហើយនាងត្រូវឪពុកមិត្តភក្តិ ដឹកមកផ្ទះដោយឃើញសភាព ធ្ងន់ធ្ងរពេក ក៏បានបញ្ជូនទៅមន្ទីរពេទ្យចំនួន ២កន្លែង ប៉ុន្តែគ្រូពេទ្យមិនទទួលនោះទេ និងប្រាប់ឱ្យបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ខេត្តបាត់ដំបង ទើបមានលទ្ធភាពជួយបាន ។

ម្ដាងយុវតីរងគ្រោះបន្ថែមទៀតថា ព្រោះតែជីវភាពខ្វៈខាតគ្មានលទ្ធភាព យកកូនស្រីទៅព្យាបាល នៅឯមន្ទីរពេទ្យខេត្តបាត់ដំបង ទើបដឹកនាងត្រឡប់មកផ្ទះវិញ រួចឱ្យគ្រូខ្មែរក្នុងភូមិ ជួយព្យាបាលហើយក៏មានអាការៈជាសះស្បើយ ដូចធម្មតាឡើងវិញ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។

ដោយឡែកលោក វេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា នៅពេលមានបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដែលត្រូវសត្វឆ្កែ ឬឆ្មាខាំ សូមរួសរាន់នាំទៅចាក់វ៉ាក់សាំង ការពារភ្លាមៗ មិនអាចទុកលើសពី ១សប្តាហ៍បានឡើយ ហើយត្រូវតាមដានសកម្មភាពសត្វឆ្កែ ឬសត្វឆ្មារដែលបានខាំ បើសិនជាសត្វឆ្កែ ឬឆ្មានោះ អត់មានបែកពពោះមាត់ ឬឆ្កួតទេនោះ មនុស្សដែលត្រូវវាខាំ ក៏អត់ មានបញ្ហាដែរ ។

ប្រធានមន្ទីសុខាភិបាលរូបនេះ បញ្ជាក់បន្ថែមថា បើសិនជាបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដែលត្រូវសត្វឆ្កែ ឬឆ្មារខាំ ហើយមិនបានចាក់វ៉ាក់សាំង ការពារជំងឺឆ្កែឆ្កួតទេនោះ ពិតជាឆ្លងមេរោគឆ្កែ ឬឆ្មាឆ្កួត ដោយមានអាការៈ និងសកម្មភាពដូចសត្វឆ្កែ ឬឆ្មានោះ ដូចជាមានបែកពពុះមាត់រកខាំគេឯង និងខ្លាចទឹក ខ្លាចខ្យល់ ខ្លាចពន្លឺថ្ងៃ ហើយគ្រូពេទ្យគ្មានលទ្ធភាព ជួយសង្គ្រោះបានឡើយ ៕