ភ្នំពេញ៖ មន្ត្រីយោធាផ្កាយ២ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ត្រូវស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្តឹងពាក់ព័ន្ធបទល្មើស «ប្រើអំពើហិង្សាបង្ខាំងទុកក្នុងរថយន្ត និងគំរាមបាញ់សម្លាប់ចោល» ព្រមទាំងទាមទារសំណងព្យាបាលរបួស ១លានដុល្លារ និងជំងឺចិត្តចំនួន ១លានដុល្លារផងដែរ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ ដែលគោរពជូនលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងបន្តថា កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែ ២នាក់ ស្ថិតលើដងផ្លូវ នៅចំណុចរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល លោក សូយ ចាន់សឿន បានវាយដំជនរងគ្រោះ និងបានដកកាំភ្លើងខ្លី ភ្ជង់គំរាមមិនឲ្យជនរងគ្រោះស្រែក និងគំរាមបាញ់បាក់ជើង និងបាញ់សម្លាប់ចោល តាមផ្លូវរហូតដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះបន្តទៀតថា លោក សូយ ចាន់សឿន បានបង្ខាំងជនរងគ្រោះទុក ក្នុងផ្ទះកូនចៅរបស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជា នាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ រហូតដល់ម៉ោង ៧យប់ ទើបមានសមត្ថកិច្ចនគរបាលចុះ មកអន្តរាគមន៍រំដោះជនរងគ្រោះចេញពីផ្ទះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ចំពោះករណីនេះដែរ ជនរងគ្រោះសំណូមពរឲ្យតុលាការ ចាប់ខ្លួន និងឃុំខ្លួនលោកផ្កាយ២ សូយ ចាន់សឿន ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕