ភ្នំពេញ៖ ក្នុងរយៈពេល ៧ថ្ងៃ នគរបាលរាជធានីភ្នំពេញ ចុះអនុវត្តចាប់ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ខុសបញ្ចេកទេសបង្កការរំខានដល់ប្រជាពលរដ្ឋបាន ១០០គ្រឿង យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ។
ក្នុងចំណោមម៉ូតូ ១០០គ្រឿង កែច្នៃបំពង់ស៊ីម៉ាំងមាន ៦០គ្រឿង ត្រូវបាននគរបាលចាប់ឃាត់កំពុងធ្វើដំណើរ តាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ចំណែក៤០គ្រឿងទៀត ត្រូវបាននគរបាលមូលដ្ឋានកំណត់អត្តសញ្ញាណដាក់ទុកនៅតាមខ្នងផ្ទះ ។ នៅពេលកម្លាំងនគរបាលចាប់ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង សមត្ថកិច្ចក៏បានតម្រូវឱ្យដោះបំពង់ ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសនោះចេញ ដោយឱ្យយកបំពង់ស៊ីម៉ាំងដើមផលិតចេញពីរោងចក្រមកដាក់ប្រើប្រាស់វិញ ហើយឱ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពនេះបន្តទៀត ។
សូមរំលឹកថា ជុំវិញនៃការអនុវត្តន៍សេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃស្តីពីការលុបបំបាត់ ការបង្កសំឡេងរំខានលើសកម្រិត ដោយយានយន្តគ្រប់ប្រភេទ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនៃ ការអនុវត្តវិធានការលុបបំបាត់ការបង្កសំឡេងរំខាន លើសកម្រិតដោយយានយន្តគ្រប់ប្រភេទ ដែលមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនៃអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ ៕


