រត់ម៉ូតូឌុប មិនសូវកាក់កប បែកគំនិតជួញដូរគ្រឿងញៀន ទាំងក្រុមតែម្ដង

0

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបចាប់ខ្លួនជនសង្ស័យក្រុមរត់ម៉ូតូឌុប០៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងវត្ថុតាងគ្រឿងញៀន០៩កញ្ចប់តូចនិងធំ នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមអគ្គស្នងការនគរបាលជាតិបានអោយដឹងថា ប្រតិបត្តិការខាងលើ កម្លាំងបានធ្វើឡើងជាបន្តបន្ទាប់រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី២៤និង២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ឱ្យដឹងថា កម្លាំងនគរបាលការិយាល័យ ជំនាញចេញប្រតិបត្តិការ បង្ក្រាបជនសង្ស័យគ្រឿងញៀន០៦នាក់ ដោយបានស្រាវជ្រាវ ស៊ើបអង្កេត យ៉ាងជាក់លាក់ និងឈានទៅបង្ក្រាបចាប់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់កំពុងធ្វើ សកម្មភាព ប្រព្រឹត្តបទល្មើស ជួញដូរគ្រឿងញៀន ។

លោកនាយការិយាល័យបន្តថា ក្រោយពីប្រជាពលរដ្ឋប្តឹង រាយការណ៍មក កម្លាំងសមត្ថកិច្ចអំពីសម្មភាព នៃការជួញដូរគ្រឿងញៀន ខុសច្បាប់ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ាក ។ មុនដំបូងកម្លាំងជំនាញ ចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀន ខុសច្បាប់ នៅចំណុចផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ យូសុះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ។ ក្នុងការឃាត់ខ្លួននោះ កម្លាំងបានដកហូតវត្ថុតាងថ្នាំក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់(ធំល្មម០២ តូច០៣) និងម៉ូតូ០១គ្រឿង ។

បន្តមកទៀត ដោយបានការអនុញ្ញាត សម្របសម្រួល នីតិវិធីពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងបន្តធ្វើរដ្ឋបាល នៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ថែមទៀត និងដកហូតវត្ថុតាង ថ្នាំក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់តូច ជារបស់ឈ្មោះ ឃីម ប៊ុនណាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (រក្សាទុក) និងម៉ូតូ០៤គ្រឿង។

លោកនាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ឱ្យដឹងទៀតថា ការបង្ក្រាបជនសង្ស័យ គ្រឿងញៀនទាំងនេះ គឺអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ដែលបានដាក់ចេញនូវផែនការ និងទិសដៅការងារដល់កម្លាំង ការិយាល័យជំនាញ ត្រូវសហការជាមួយកម្លាំង នគរបាលតាមអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ សង្កាត់ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាអនុវត្តវិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាព ទាំងសម្មភាពបទល្មើសជាទ្រង់ទ្រាយតូច និងធំ ពីព្រោះបទល្មើស គ្រឿងញៀនបានបង្កឱ្យប៉ះពាល់ អសន្តិសុខសណ្តាប់ធ្នាប់សង្គមជាខ្លាំង ។

ជនសង្ស័យគ្រឿងញៀនទាំង០៦នាក់ និងវត្ថុតាងគ្រឿងញៀន នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕