ភ្នំពេញ៖ បុរសម្នាក់ បានបើកត្រាក់ទ័រ ភ្ជួរដីចម្ការឲ្យគេ ហើយក៏បានជាន់មីនតោន ដែលបន្សល់ទុក ពីសម័យសង្គ្រាម បណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅខាងកើតវត្តស្រែ ក្នុងភូមិស្រះចក ស្រុកសំពៅលូន ។
បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌុល គង់ អាយុ៤៥ឆ្នាំ រស់នៅភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន បើកត្រាក់ទ័រឲ្យគេដែលមានម្ចាស់ឈ្មោះ សន សៅ ភេទប្រុស រស់នៅភូមិអូរចំណិប ឃុំតាស្ដា ។
ប្រភពបានបន្តថា សម្រាប់ដីចម្ការវិញ មានម្ចាស់ឈ្មោះ ពៅ គឹមហ៊ាង ភេទប្រុស មានទីលំនៅរាជធានីភ្នំពេញ ហើយត្រាក់ទ័របន្ទាប់ពីជាន់មីនតោន បានខូចខាតជាង ៤០ភាគរយ ខណៈអ្នកបើករងរបួសធ្ងន់ ត្រូវដៃ និងខ្លួនខាងស្ដាំ បច្ចុប្បន្នបានបញ្ជូនសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ៕




