ភ្នំពេញ ៖ សមត្ថកិច្ចខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ក្រោយធ្វើសកម្មភាពលបកាប់ សម្លាប់ទៅលើបុរសម្នាក់ បណ្ដាលអោយស្លាប់ នៅនឹងកន្លែងកើតហេតុុ ។ ករណីឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ នាវេលាម៉ោង ២៣និង២០នាទី នៅចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។
យោងតាមអគ្គស្នងការ នគរបាលជាតិបានអោយដឹងថា ជនសង្ស័យមានឈ្មោះ តឿន ទុំ បានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ ឌឿន តូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅភូមិ-ឃុំកើតហេតុខាងលើ ដែលបានមកចូលរួមពិធីមង្គលការ កូនរបស់ឈ្មោះ ភន រ៉ា ភេទប្រុស នៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីហូបការរួច ជនរងគ្រោះ បានដើរចេញពីរោងការ ទៅយកម៉ូតូរបស់ខ្លួន ដែលផ្ញើទុកនៅនឹងផ្ទះ របស់ឈ្មោះ ភន ម៉ូត ភេទស្រី នៅខាងត្បូងរោងការ ដោយដើរតាមផ្លូវលំបានប្រហែល ៧០ម៉ែត្រ បម្រុងទៅយកម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនល្មើសលបកាប់ នឹងកាំបិតបណ្ដាលឲ្យរងរបួសផ្នែកមុខ ជាច្រើនកាំបិត រយះកំភួនដៃ និងដាច់កដៃខាងឆ្វេង បណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្ដង ។
ដោយភូមិសាស្ត្រកើតហេតុ ស្ថិតតំបន់ដាច់ស្រយាល និងការផ្ដល់ព័ត៌មាន មានការយឺតយ៉ាវ ធ្វើឲ្យជនបង្កមានឱកាស រត់គេចខ្លួន ។
ក្រោយទទួលបាន សេចក្ដីរាយការណ៍ ពីអធិការនគរបាលស្រុកបាធាយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់អោយវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនការងារនគរបាល ព្រហ្មទណ្ឌខេត្ត ដឹកនាំកម្លាំងជំនាញនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត កម្លាំងជំនាញស្រុក ដឹកនាំដោយវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដែក ចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់ ។
រហូតដល់ថ្ងៃទី២៥ ខែឆ្នាំដដែល នៅវេលាម៉ោង ២០និង០០នាទី ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញា ធ្វើសកម្មភាព០១នាក់ ឈ្មោះ តឿន ទុំ ភេទប្រុស អាយុ១៩ឆ្នាំជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដាវកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយនេះ ពិតប្រាកដមែន មូលហេតុកាប់ច្រឡំរឿងគំនុំពីថ្ងៃ ជាមួយភ្ញៀវខាងកូនកំលោះ ព្រមទាំងបានដកហូត វត្ថុតាង ដាវចំនួន០១ផងដែរ ។
ខណ:នេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបទបញ្ជារបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងកំពុងចងក្រងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ៕