បើឃើញមុខពលករខ្មែរ២នាក់នេះ សូមជួយរាយការណ៍ ប្រាប់អាជ្ញាធរមាន សមត្ថកិច្ចផង

0

ភ្នំពេញ៖ ពលករខ្មែរត្រឡប់ពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បានរត់ចេញពីមណ្ឌលចំនួន២នាក់ នៅមង្គលបូរី១នាក់ និងព្រះនេត្រព្រះ១នាក់ កំពុងស្វែងរកនាំខ្លួនមកដាក់មណ្ឌលវិញ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ។
លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរី បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរម្នាក់ ដែលត្រឡប់ពីប្រទេសថៃ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលវិទ្យាល័យមង្គលបូរី ឈ្មោះ ខា រិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី។

លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃដែលត្រូវបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលស្រុកព្រះនេត្រព្រះ ឈ្មោះ ឡម ឡាយូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដូនច្រែង ឃុំ.ស្រុកព្រះនេត្រព្រះ។ ចំពោះប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលស្រុកមង្គលបូរី១នាក់ មណ្ឌល ស្រុកព្រះនេត្រព្រះ ១នាក់ ក្រុមការងារកំពុងសហការជាមួយ អាជ្ញាធរកំពុងស្វែងរក នាំខ្លួនមកធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃវិញ។

លោកឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពលករខ្មែរត្រឡប់ពីប្រទេសថៃ និងអាជ្ញាធរថៃចាប់បញ្ជូនមកវិញ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលខេត្តបន្ទាយមានជ័យ មានចំនួន១៧កន្លែង មានប្រជាពលរដ្ឋមកពីថៃធ្វើចត្តាឡីស័ក ចំនួន១០,៨៦៦នាក់ ស្រី៤,៨៥៨នាក់ និងធ្វើតេស្តសំណាក មានចំនួន១០,៦៦៦នាក់ ស្រី៤,៧៧២នាក់ ហើយធ្វើចត្តាឡីស័កបញ្ចប់រយៈពេល១៤ថ្ងៃ ត្រឡប់ទៅផ្ទះវិញមានចំនួន៧,១៥១នាក់ ស្រី៣,១៧៣នាក់ នៅបន្តធ្វើចត្តាឡីស័កមានចំនួន៤,៥៥៨នាក់ ស្រី២,០០៩នាក់ វិជ្ជមានកូវីដ-១៩មានចំនួន២៦នាក់ ស្រី១៧នាក់ ៕