ទឹកភ្នែកទាំងព្រឹក !នារីវ័យក្មេងម្នាក់ ត្រូវជនសង្ស័យល្បួងបញ្ឆោត ដោះយកគ្រឿងអលង្ការ ពីខ្លួនអស់រលីង

0

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ត្រូវបានក្រុមជនសង្ស័យល្បួងបញ្ឆោតដោយយកគ្រឿង អលង្ការ ពីខ្លួនអស់រលីងកាលពីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះ គ្រាន់តែដឹងថា មានអាយុជាង ២០ ឆ្នាំ កំពុងស្វែងរកការងារធ្វើស្នាក់នៅក្នុង ភូមិ-សង្កាត់ កើតហេតុ ។ សម្ភារៈបាត់បង់ ខ្សែ ក ប្លាទីន ១ខ្សែ កងដៃ ២ ចិញ្ចៀន ២ វង់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានដើរចេញពីផ្ទះជួល ដោយថ្មើរជើង ក្នុងបំណងឆ្ពោះទៅរោងចក្រ ដើម្បីធ្វើតេស្ត មានកាន់ទាំងឯកសារ មួយចំនួន មិនទាន់ដល់រោងចក្រផង ក៏ជួបជាមួយស្ត្រីជនសង្ស័យ សួរនាំរឿង មានគេបាត់កាបូបលុយ ទាក់ពាក្យទាក់សម្តី ល្បួងនាំជិះម៉ូតូ ដោយជនសង្ស័យគ្នា ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះម៉ូតូ ចេញដល់កន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការ រួចឲ្យខ្សែ ក កាឡៃ បានសម្រេចហើយ ជនសង្ស័យ គេចខ្លួនបាត់អស់។

ប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាពបទល្មើសឆបោក (ទម្លាក់យោង) កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ ៨០មកម្ល៉េះ។ មកដល់ឆ្នាំ២០២១ ទៅហើយ នៅតែមាន អ្នកចិត្តលោភ ចង់បាន បែរជាចាញ់ល្បិច ជនអស់ទាំងនេះទៀត មិនដែលនៅសុខៗ គេយកមាស យកលុយ មកចែកយើងនោះទេ បងប្អូនប្រជាពលរដ្ឋ គួរស្វែងយល់ ប្រុងប្រយ័ត្ន ជៀសវាងការបន្តចាញ់បោក ក្រុមឆបោកទាំងនេះទៀត។ ដោយអ្នកខ្លះ បានត្រឹមរងទឹកភ្នែក បានត្រឹមកាន់ខ្សែ ក កាឡៃ ខ្លះទទួលបាន គ្រាប់កាំកង់ ក៏មានដែរ៕