ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ ថយជិត១ពាន់ករណី

0

ភ្នំពេញ ៖ នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក សម្រាប់ឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាល បានកំណត់ឆ្នាំនេះ គឺឆ្នាំដែលត្រូវរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្រោយតួលេខគ្រោះថ្នាក់ និងអ្នកស្លាប់មានការកើនឡើង គួរឲ្យព្រួយបារម្ភ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹងថា រយៈពេលមួយឆ្នាំនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍របស់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក រួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះត្រួតពិនិត្យយានយន្ដសរុប ១លាន៧សែនគ្រឿង រួមមាន ម៉ូតូ៦៥ភាគរយ រកឃើញយានយន្ដល្មើសចំនួន ៣៥៥,៨៨៥គ្រឿង ស្មើនឹង២០ភាគរយ ដែលបទល្មើសភាគច្រើនមិនពាក់មួកសុវត្ថិភាព។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបន្ថែមថា សម្រាប់រថយន្ដដែលល្មើសភាគច្រើន លើសល្បឿនកំណត់ មានរហូតដល់៦០ភាគរយ ក្នុងចំណោមរថយន្ដល្មើសទាំងអស់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា ទាំងអស់នេះជាបញ្ហាប្រឈមដែលត្រូវបន្ដពិនិត្យឡើងវិញ ដើម្បីធ្វើយ៉ាងណារឹតបន្ដឹងលើករណីនេះ។

ជាមួយនឹងភាពជោគជ័យ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានអះអាងថា ក្នុងឆ្នាំ២០២០កន្លងទៅ ករណីគ្រោះថ្នាក់ចររាចណ៍បានកើតឡើងចំនួន៣,១៧៩លើក ថយចុះចំនួន៩៤២លើក ស្មើរនឹង២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន១,៦៤៦នាក់ ថយចុះចំនួន៣៣៥នាក់ស្មើរនឹង១៧ភាគ ធៀបនឹងឆ្នាំ២០១៩ ដោយឡែកអ្នករបួសមានចំនួន៤,៦៨៦ ថយចុះចំនួន១,៤៥៥នាក់ ស្មើរនឹង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១៥ភាគរយ, ប្រជែងគ្រោះថ្នាក់១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយាន៣ភាគរយ និងងងុយ១ភាគរយ៕