រថយន្ត ខ្នាតយក្ស៣គ្រឿង បុកគ្នាគាបជាប់គ្នា លើផ្លូវជាតិលេខ៩ បង្កការកកស្ទះចរាចរណ៍ ជាច្រើនម៉ោង

0

ភ្នំពេញ៖ រថយន្តខ្នាតយក្ស ៣គ្រឿង បើកបរក្នុងល្បឿនលឿនមិនគោរពសិទ្ធិអាទិភាពគ្នា បណ្តាលឱ្យបុកគ្នាគាបជាប់នៅលើផ្លូវជាតិលេខ៩ ធ្វើឱ្យកកស្ទះចរាចរណ៍ បង្កការរំខានដល់អ្នកធ្វើដំណើរ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ ឋិតនៅចំណុចមុខ ការាសសាំងTELA ខាងលិចស្ពានមេគង្គ ក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តយីឌុបដឹកដំឡូងមីបានខូច ឈប់នៅអែបផ្លូវម្ខាង ត្រង់ចំណុចកើតហេតុខាងលើ ដោយក្បាលរថយន្ត បែរទៅកើត។លុះបន្តិចក្រោយមកស្រាប់តែ មានរថយន្តយីឌុបមួយគ្រឿងទៀត បើកបោះមួយពីលើស្ពានសេកុងពីកើតទៅលិចហើយពេលមកដល់ចំណុចកើតហេតុក៏បានវាក់និងរថយន្តដឹក អេស្កាវ៉ាទ័រដែលបើកក្នុងទិសដៅ ពីលិចទៅកើត ក៏បានបុកគាបជាប់ជាមួយនឹងរថយន្តយីឌុប ដឹកដំឡូងមី ដែលកំពុងឈប់អែបផ្លូវទៅមុខលែងរួចបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ ជាច្រើមម៉ោង។ក្រោយកើតហេតុទើបឃើញនគរបាលជំនាញ មកធ្វើការវាស់វែងនិងសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរ។

បើតាមសមត្ថកិច្ច នគរបាលចរាចរណ៍ ឲ្យដឹងនៅកន្លែងកើតហេតុថារថយន្ត ទាំង៣គ្រឿង ដែលបុកគ្នាជាប់គាំងបង្កការកកស្ទះដល់អ្នកធ្វើដំណើរនេះ គឺបណ្តាលមកពីរថយន្តយីឌុបដឹកដែកនិងរថយន្តយីឌុប ដឹកគ្រឿងចក្រ បើកបរមិនគោរពសិទ្ធិអាទិភាពទើប ទៅបុករថយន្តដឹកដំឡូងមី ដែលចតឈប់នៅស្ងៀមគាប ជាប់ទៅមុខលែងរួច តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ ដល់អ្នកបើកបរ និងដល់អ្នកដទៃឡើយ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយការវាស់វែងនិងសម្រួលចរាចរណ៍រួច ត្រូវអូសយករថយន្តទាំង៣គ្រឿងនេះទៅទុកនៅស្នងការដ្ឋាននគបាលខេត្ត រង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់ នៅពេលក្រោយ៕