សូមចូលរួមអភិរក្សសត្វព្រៃ! ប្រទះឃើញខ្លាឃ្មុំមួយក្បាល ត្រូវជាប់អន្ទាក់របស់ព្រានព្រៃ នៅជួរភ្នំក្រវាញ

0

ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា ខ្លាឃ្មុំឈ្មោលមួយក្បាល នៅដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានដោះលែង ក្រោយពីជាប់អន្ទាក់របស់ព្រានព្រៃ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានរៀបរាប់ ថា «កាលពីថ្ងៃទី ២២ មករា មន្ត្រីឧទ្យានុរក្សនៃស្នាក់ការល្បាតឆាយ អារ៉ែង របស់យើងបានប្រទះឃើញខ្លាឃ្មុំឈ្មោល មួយក្បាល បានជាប់ អន្ទាក់របស់ព្រានព្រៃនៅក្នុង ដែនឧទ្យានជាតិជួរភ្នំក្រវាញ ខាងត្បូង »។

ក្រុមល្បាតបានទូរស័ព្ទ មកកាន់ការិយាល័យ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃភ្លាមៗ ដើម្បីបញ្ជូនក្រុមជួយសង្គ្រោះ សត្វព្រៃបន្ទាន់ (WRRT) ពីភ្នំពេញដើម្បីទៅជួយសង្គ្រោះ សត្វខ្លាឃ្មុំ។ក្រុមជួយសង្គ្រោះដឹកនាំ ដោយប្រធាន គម្រោងសង្គ្រោះ និងថែរក្សាសត្វព្រៃលោក Nick Marx បានចុះទៅកន្លែងនោះជាមួយលោក ចិន្តា ដែលជាពេទ្យសត្វ។ ពួកគាត់បានទៅដល់កន្លែង នៅព្រឹកថ្ងៃទី២៣ មករា នេះរួមជាមួយមន្ត្រីឧទ្យានុរក្ស ពីស្នាក់ការល្បាត ស្ទឹងព្រាត់។

ប្រភពដដែល បញ្ជាក់ ថា «សត្វខ្លាឃ្មុំនេះត្រូវបានក្រុមសង្គ្រោះបាញ់ថ្នាំសន្តំ ដោះចេញពីអន្ទាក់ និងព្យាបាលនៅនឹងកន្លែង ហើយត្រូវបានដោះលែង ទៅក្នុងព្រៃវិញ ដោយសាររបួស របស់វាមិនមានភាពធ្ងន់ធ្ងរ»៕